ព័ត៌មានជាតិ

ប៊ិះទៅហើយ! និស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យភ្នំពេញម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍…

ភ្នំពេញ: និស្សិតឆ្នាំទី២ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលជិះម៉ូតូទៅសាលារៀន ត្រូវបានរថយន្តដឹកបេតុងមួយគ្រឿង កៀរដួលហើយកិនម៉ូតូសំប៉ែតខ្ទេចដូចចេកចៀន មួយកំណាត់ខាងមុខ ខណ:អ្នកបើកបរខ្ទាតផុតចេញពីកង់រថយន្ត រងរបួសស្រាល។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តព្រៃស្ពឺ ត្រង់ចំណុចភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមិនបានឲ្យដឹងពីឈ្មោះនោះទេ គ្រាន់តែប្រាប់ថា ជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យភ្នំពេញ មានទីលំនៅ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-6704 ។ ចំណែករថយន្តបង្ក ត្រូវបានជនរងគ្រោះអះអាងថា ជារថយន្តដឹកបេតុង ក្រោយកើតហេតុ បានបើកគេឆ្ពោះ តាមបណ្តោយផ្លូវជាតិលេខ៣ ទៅទិសខាងជើងបាត់ស្រមោល ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូធ្វើដំណើរទៅសាលារៀន តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ប្រភេទដឹកបេតុង បើកមកពីក្រោយ កៀរដួលហើយកិនម៉ូតូខ្លួន ខ្ទេចអស់មួយកំណាត់មុខតែម្តង ហើយរថយន្តមិនបានឈប់ទេ បើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ដោយរថយន្តបង្កគេចទៅបាត់ ជនរងគ្រោះ បានយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់