ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! សាំយ៉ុងផ្តាច់ជីវិតបុរស២នាក់ នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយផ្តាច់ជីវិតមនុស្ស២នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩និង៥០នាទី ថ្ងៃទី០៣ ​ខែមិនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្រៅទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលលេខ ០២៤០-០២៤២ ដែលស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ករឡើងដោយម៉ូតូបុកនិងរថយន្ត។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHondadream C125 សេរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-3369 បើកបរដោយឈ្មោះ ចេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យស្រវឹង(គ្មានពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ តុលា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា (គ្មានពាក់មួកសុវត្ថិភាព) បានបើកបរមកពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ បានឡើងជែងរថយន្តនៅខាងមុខ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-5480 បើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីលិចទៅកើត ក្នុងទិសដៅផ្ទុយទិសគ្នា ទើបបណ្ដាលឲ្យបុករថយន្ត ចំពីមុខពេញមួយទំហឹង តែម្តង។

ក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់