ព័ត៌មានជាតិ

អុញនោះ! រថយន្តក្រុងក្រុមហ៊ុន បូព៌ាអាស៊ី ឲ្យដឹកភ្ញៀវ បែរជាមកដឹកជញ្ជូន សត្វព្រៃខុសច្បាប់ទៅវិញ

កំពង់ធំៈ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង កម្លាំងសមត្ថកិច្ចខេត្តកំពង់ធំ បានចុះបង្ក្រាបរថយន្ដក្រុងមួយគ្រឿង រួមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនសត្វព្រៃ ដោយខុសច្បាប់។

ជនសង្ស័យខាងលើឈ្មោះ ងន វុនរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ជាអ្នកបើកបររថយន្ដ) ចំណែករថយន្តក្រុង ម៉ាក KIA ពណ៌ស្លាទុំលាយសរ ពាក់ស្លាកលេខ ភ្នំពេញ 3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី។

វត្ថុតាងដកហូតរួមមាន៖ អណ្តើកសកល ២៨ក្បាល ស្មើនឹង ១៧៩គីឡូក្រាម, ពស់ចាន់ល្មម ៨២ក្បាល ស្មើនឹង ៤៥គីឡូក្រាម និងអន្សង ០៤ក្បាល ស្មើនឹង ០៨គីឡូក្រាម។

មកទល់ពេលនេះ ជនសង្ស័យ ព្រមទាំងវត្ថុតាងដកហូតបាន ត្រូវបានសមត្ថកិច្ច ប្រគល់ជូននាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់