ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងបីនាក់ទៀត បានបើករថយន្តព្រូសមួយគ្រឿង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរ៉ឺម៉កបើកដោយបុរសម្នាក់ រួមដំណើរនិងម្នាក់ទៀតបោះពួយលឿន ជ្រុលទៅបុកចំក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កប៉ើងទៅបះរបាំងទ្រូងផ្លូវ របួសធ្ងន់ស្រាល ២នាក់។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺឆ្លងចូលថ្ងៃទី១១ ខែមិនា ឆ្នំា២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខយឺត្រីគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិងបុរសបីនាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2 AX8040 ធ្វើដំណើរពីកើតទៅលិច ឆ្លងផ្លូវបត់ស្ដាំមកផ្លូវជាតិលេខ៥ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ.1AD 3977 បើកដោយបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកចំក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កខ្ទាតទៅបុករបាំងថ្មចែកផ្លូវ រងរបួសធ្ងន់អ្នកបើករ៉ឺម៉ក និងអ្នករួមដំណើររបួសស្រាល ត្រូវរថយន្តគ្លីនិចឯកជនហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញចុះវាស់វែង យករថយន្ត និងម៉ូតូខូចខាតធ្ងន់ ទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់