ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ ក្លែងលិខិតឆ្លងដែនខុសច្បាប់ ទៅតុលាការហើយ

បន្ទាយមានជ័យ: នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ម្សិលមិញ បានបង្ហាញមុខជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពក្លែងបន្លំឯកសារសាធារណៈ (ធ្វើលិខិតឆ្លងដែនក្លែងក្លាយ) ឲ្យពលករឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា៖​ ជនសង្ស័យឈ្មោះ​ អ៊ឹម សម្ផស្ស ភេទប្រុស​ អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុខរបរជាកម្មករ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា៖ ក្រោយពីមានបណ្តឹងពីជនរងគ្រោះ ជាពលករជាច្រើននាក់ ដែលបានធ្វើលិខិតឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ពេលសមត្ថកិច្ចថៃត្រួតពិនិត្យលិខិត ឃើញថា ជាលិខិតក្លែងក្លាយ ហើយត្រូវភាគីថៃ ចាប់បញ្ជូនមកវិញនោះ។​ លោកឧត្តមសេនីយ៍ទោ​ អាត់​ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា មកដល់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹម សម្ផស្ស នៅវេលាម៉ោង​ ៣ និង ៥០នាទីរសៀលថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ខែម សុភ័ណ បានបន្តថា៖​ ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា៖​ ខ្លួនគេពិតជាអ្នកបោះត្រាពន្យាលើលិខិតឆ្លងដែន របស់ពលករដែលហួសកាលបរិច្ឆេទនោះមែន ការធ្វើនេះតាំងពីឆ្នាំ២០១៧មកម្លេះ។​ ហើយកាលពី​ឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ រូបគេធ្លាប់បានធ្វើការងារនៅកន្លែងស្ថានទូតខ្មែរ នៅទីក្រុងបាងកក ផ្នែកខាងពន្យាពេលលិខិតឆ្លងដែន ពេលចប់ការងារខ្លួន បានត្រឡប់មកនៅប៉ោយប៉ែត ដោយបានទិញត្រាស្ពាន់ទូតមួយឈុត ។​ ដោយផ្អែកលើបណ្តឹង ជនរងគ្រោះជាពលករ និងចម្លើយសារភាព ។​ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់