ភ្នំពេញ: សម្រាប់រយៈពេល១ថ្ងៃ គឺថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ និងនគរបាលចំនួន២ខេត្ត គឺកំពតនិងកណ្តាល បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធ internet នៅតាមបណ្តាគោលដៅធំៗជាច្រើន ពិសេសក្នុងរាជធានីភ្នំពេញ សរុបចំនួន ៧៤នាក់ ដកហូតវត្ថុតាងជាច្រើន។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងដោយមានការដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ខេត្ត ក្រុង តាមមូលដ្ឋាននីមួយៗផងដែរ។
ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ឲ្យដឹងថា ថ្ងៃនេះកម្លាំងនគរបាលបើកប្រតិបត្តិការចុះបង្ក្រាបក្រុមជនជាតិចិនជំរិតទារប្រាក់តាម internet ( VIOP ) ចំនួន ១២គោលដៅធំៗ ក្នុងនោះរួមមាន រាជធានីភ្នំពេញ ៧គោលដៅ ខេត្តកំពត ៣គោលដៅ និងខេត្តកណ្តាល ចំនួន២ គោលដៅ។
ជាលទ្ធផលស្ទើរពេញ១ថ្ងៃនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិនសរុបទាំងអស់ចំនួន៧៤នាក់ ក្នុងនោះស្រី ២១នាក់ រួមទាំងធ្វើការដកហូតនូវវត្ថុតាង ឧបករណ៍ជាគ្រឿងអេឡិចត្រូនិចពាក់ព័ន្ធ នឹងអំពើជំរិតមួយចំនួនធំទៀតផងដែរ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺពុំមែនជាការឃាត់ខ្លួនជនជាតិចិនពាក់ព័ន្ធនឹងការចូលមកធ្វើការ ឬរស់នៅដោយខុសច្បាប់ឡើយ គឺជាការបង្ក្រាបក្រុមជនជាតិចិនជំរិតទារប្រាក់តាមប្រព័ន្ធ internet ដែលពួកគេយកប្រទេសកម្ពុជា ជាកន្លែងស្នាក់អាស្រ័យ សម្រាប់បញ្ជារតាមប្រព័ន្ធ internet ចេញពីកម្ពុជាទៅជំរិតពលរដ្ឋចិនដូចគ្នា នៅឯប្រទេសរបស់ខ្លួន។
ហើយនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៏ឯក អ៊ុក ហៃសីឡា បានប្រគល់ជនជាតិចិនទាំង៧៤នាក់ឲ្យទៅសមត្ថកិច្ចចិននៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងតាមជើងយន្តហោះពិសេសរបស់ប្រទេសចិន បញ្ជូនទៅប្រទេសកំណើតវិញដើម្បីចាត់ការតាមនីតិវិធីរបស់តុលាការប្រទេសចិន៕
មតិយោបល់