កណ្ដាលៈ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនយុវជនម្នាក់ ដែលបានដុតសំរាម ធ្វើឲ្យឆេះរាលដាលដល់ផ្ទះសំណាក់ កាលពីវេលាម៉ោង ១០និង៤៥នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់ អរុណរះ AS88 ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះអ៊ិច ចាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរប្រធាន រដ្ឋបាលគ្រប់គ្រងការងារទូទៅ (តំណាងឲ្យម្ចាស់ផ្ទះសំណាក់)។ ជនសង្ស័យឈ្មោះ ឌិន សុផា ហៅ អ៊ំ ភារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអនាម័យ ស្នាក់នៅក្នុងផ្ទះសំណាក់ខាងលើ។
សម្ភារខូចខាតរួមមាន៖
- ឆេះម៉ូតូ ២គ្រឿង ម៉ាកឌ្រីមសង់០៨ និងម៉ូតូម៉ាកហុងដា អេសអិល ១គ្រឿង
- ឆេះរោងជាង១ល្វែង
- ឆេះចំណតរថយន្ត១ល្វែង
- ឆេះបន្ទប់រដ្ឋបាល១ល្វែង។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៥០នាទី ជនសង្ស័យ បានយកសំរាមទៅដុត រួចក៏ដើរដេកឯបន្ទប់ខ្លួនបាត់។ លុះដល់ម៉ោង១២ និង៣៥នាទី ភ្លើងឆេះរាលដល់រោងជាងខាងលើ ទើបដឹងក៏រាយការជូនសមត្ថកិច្ច ចុះមកជួយពន្លត់ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ១៩រថយន្ត ប្រើប្រាស់ទឹកអស់៣៨ឡាន ទើបរលត់ទាំងស្រុង។
សូមបញ្ជាក់ថា កន្លែងដុតសំរាមនេះ មានសិទ្ធិដុត តែឈ្មោះអ៊ិច ចាន់នី អ្នកគ្រប់គ្រងការងារទូទៅ រីឯជនសង្ស័យ ពុំមានសិទ្ធិដុត ហើយមិនដែលចូលដុតដែរ៕
មតិយោបល់