បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងស្រុក២ជាប់ព្រំដែនកម្ពុជា-ថៃ គឺស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សេចក្តីរាយការណ៍ឱ្យដឹងថា បាននិងកំពុងប្រឈមដាច់ទឹកប្រើប្រាស់ ខណៈដែលប្រភពផ្គត់ផ្គង់ទឹក បានរងការរីងស្ងួតដោយគ្រោះរាំងស្ងួតក្តៅហួតហែង។ យុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋ ដែលដាច់ទឹកប្រើប្រាស់ក៏បានចាប់ផ្តើមនោះហើយ។ កាលពីថ្ងៃទី៩ខែមីនា ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមការជួយដោះស្រាយអន្តរាគមន៍ប្រើប្រាស់រថយន្តទឹក នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងរថយន្តទឹកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ប្រជាពលរដ្ឋដែលដាច់ទឹកប្រើប្រាស់ ស្ថិតនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន និងប្រជាពលរដ្ឋនៅភូមិតំណាក់ផេង ឃុំបួរ ស្រុកភ្នំ ព្រឹក។
សេចក្តីរាយការណ៍ពីកម្លាំងនគរបាល ដែលជួយអន្តរាគមន៍ចែកទឹកជូនប្រជាពលរដ្ឋ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលដាច់ទឹកប្រើប្រាស់ពួកគាត់នៅឆ្ងាយពីប្រភពទឹក។ កន្លងមកពួគគាត់ពឹងផ្អែកប្រើប្រាស់ ទឹកស្រះនិងទឹកភ្លៀង នៅពេលដែលគ្មានភ្លៀងធ្លាក់ និងទឹកស្រះរងការរីងស្ងួតក៏ជួបប្រទះខ្វះទឹកប្រើប្រាស់។
អភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្ត្រ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ប្រាប់ឱ្យដឹងថា ស្រុកភ្នំព្រឹកមានប្រមាណ៣ភូមិ កំពុងប្រឈមដាច់ទឹកប្រើប្រាស់អាជ្ញាធរស្រុកក៏ដូចជាកម្លាំងសមត្ថកិច្ច កំពុងចាត់វិធានការដោះស្រាយ ជូនប្រជាពលរដ្ឋនោះហើយ។
សូមបញ្ជាក់ថា បើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញឱ្យដឹងថា នៅដើមឆ្នាំ២០១៩នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងពីឥទ្ធិពលបាតុភូតអែលនីញ៉ូ។ បាតុភូតនេះបានបង្កឱ្យអាកាសធាតុ មានសភាពក្តៅហួតហែងពិសេសក្នុងខែមេសានិងខែឧសភា៕
មតិយោបល់