សៀមរាបៈ ម៉ូតូវ៉េវមួយគ្រឿង បើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយត្ន័ជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊ាំយ៉ុង ដឹកភ្ញៀវទេសចរមួយគ្រឿងពេញទំហឹងបណ្តាលឲ្យបុរសអ្នកម៉ូតូរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនជ្រុលក្បាលធ្លាក់ចូលទឹកប្រឡាយជាប់ផ្លូវ បណ្តាលឲ្យភ្ញៀវទេសចរ៣នាក់រងរបួសធ្ងន់ិងស្រាល ចំណែកភ្ញៀវទេសចរផ្សេងទៀតនាំគ្នាហែលចេញពីក្នុងទឹកឡើងមកគោក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៨-៩ ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ បើកបរដោយឈ្មោះ កែវ មិនប្រកាន់ស្តាំ លុះបានមកដល់ចំណុចកើតហេតុម៉ូតូខាងលើបានរេចង្កូតទៅបុកផ្ទប់ជាមួយនឹងរថយន្ត ម៉ាកស៊ាំយ៉ុង១៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2V-3783 ដែលកំពុងដឹកភ្ញៀវទេសចរជនជាតិបារាំងចំនួន៦នាក់ក្នុងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ រួចរថយន្តស៊ាំយ៉ុងមិនទាន់អស់ល្បឿនបានជ្រុលធ្លាក់ចូលប្រឡាញទឹកបណ្ដាលឲ្យជនជាតិបារាំងចំនួន៣នាក់រងរបួសធ្ងន់និងស្រាល ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នអ្នកបើកបរម៉ូតូនិងជនជាតិបារាំងទាំង៣នាក់ ដែលរងរបួស ត្រូវបានគេដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងទៅតាមនីតិវិធីច្បាប់៕
មតិយោបល់