ព័ត៌មានជាតិ

ទើបចេញពីពន្ធនាគារ ធ្វើសកម្មភាពលួចចំមន្ត្រីយោធា មានអី…..

កណ្ដាល: កាលពីវេលាម៉ោងប្រហែល ៣ និង០០នាទីរសៀលទី១១ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងអំពើលួច (លុយនិងទូរស័ព្ទ) នៅចំណុច ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ឡេង សុផានិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរ យោធា។ ជនសង្ស័យឈ្មោះ ដួង ចំណាប់ ហៅអូនតូច ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុ (ទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី១៨.០២.២០១៩)។

វត្ថុតាងចាប់យក ៖
– នាឡិកាដៃ ម៉ាកសេកូ (Seiko) ខ្សែស្បែក ពណ៌ខ្មៅ តួពណ៌មាស ១ គ្រឿង
– លោហ:ធាតុពណ៌លឿង ដុំមូលមួយដែលមានអង្កត់ផ្ចិត ១៤ម.ម និងកម្រាស់ ៤ម.ម
– លុយដុល្លារ ៣,៥០០$ (ក្រដាស់ ១០០ដុល្លារ ៣៤សន្លឹក ក្រដាស់ ៥០ដុល្លារ ១សន្លឹក ក្រដាស់ ២០ដុល្លារ ២សន្លឹក ក្រដាស់ ១០ដុល្លារ ១សន្លឹក)
– លុយខ្មែរ ២០ម៉ឺនរៀល
– កូនសោរពណ៌ស ម៉ាក Mason ១គ្រឿង
– កាបូបស្បែកពណ៌ទឹកប៊ិចចាស់ (កាបូបដៃ)១
– ទូរស័ព្ទ៥គ្រឿង៖ ម៉ាក iPhone xs max ស៊ីម២មួយគ្រឿង,ម៉ាក
iPhone X មួយគ្រឿង Bingo មួយគ្រឿង ម៉ាកSumsung Note ៩ មួយគ្រឿង N ចុចពិលមួយគ្រឿង។ វត្ថុតាងខាងលើជារបស់ជនរងគ្រោះ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង១២ និង៣០នាទីយប់ ជនរងគ្រោះ បានត្រឡប់មកពីធ្វើការ ចូលសម្រាកក្នុងផ្ទះជួលខាងលើ ដោយមិនបានបិទទ្វារ ចាក់សោផ្ទះបាយខាងក្រោយឡើយ ហើយបានទុកកាបូបយួដៃ ពណ៌ខ្មៅ ដែលមានសម្ភារមួយចំនួនដូចខាងលើក្នុងនោះ។

លុះមកដល់វេលាម៉ោង៦ព្រឹក ជនរងគ្រោះ ក៏ភ្ញាក់ដឹងខ្លួនឡើងរកកាបូបយួរដៃ មិនឃើញ ហើយទ្វារផ្ទះបាយខាងក្រោយផ្ទះចំហរ ក៏នាំគ្នាដើររកសម្ភារតែមិនឃើញ ទើបដឹងថា ចោរចូលមកលួចយកសម្ភារទាំងនោះទៅ ហើយក៏បានរាយការណ៍ មកការិយាល័យជំនាញ ឲ្យធ្វើការស្រាវជ្រាវ រកមុខសញ្ញាប្រព្រឹត្ដបទល្មើស ។

តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះដួង ចំណាប់ ហៅអូនតូច បានឲ្យដឹងថា ខ្លួនបានធ្វើសកម្មភាពលួចរបស់ជនរងគ្រោះក្នុងមួយយប់ចំនួន ០២លើក។ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រ បានជិះកង់ចេញពីផ្ទះ ទៅធ្វើសកម្មភាពលួចទូរស័ព្ទរបស់ជនរងគ្រោះ បានចំនួនពីរគ្រឿង រួចក៏ត្រឡប់មកផ្ទះវិញ លុះដល់វេលាម៉ោង៤ ទៀបភ្លឺ ក៏បានជិះកង់ទៅធ្វើសកម្មភាពលួចជាលើកទីពីរ យកបានទូរស័ព្ទបីគ្រឿង និងលុយមួយចំនួនទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន មានកម្លាំងប៉ុស្តិ៍ និងកម្លាំងព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល និងការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះមកពិនិត្យដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ សហការបង្ក្រាបចាប់ជនល្មើស ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់