ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាដោយចេតនា

កណ្ដាល: ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា នៅចំណុចផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សួន ពុធមុន្នីរ័ត្ន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ។
ជនសង្ស័យឈ្មោះ តាំង តុលា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ចាក់សាក់ (ឃាត់ខ្លួន) ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយ:ពេល១ ឆ្នាំកន្លះ ករណីជួញដូរគ្រឿងញៀន ។

វត្ថុតាងចាប់យក៖
-កន្ត្រៃដែកចំនួនមួយ (របស់ជនសង្ស័យ)។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុ ជនសង្ស័យបានដើរកាត់កន្លែងក្រុមជនរងគ្រោះកំពុងផឹកស៊ី ហើយបានមើលមុខគ្នា ក៏បានកើតជាទំនាស់គ្នាឡើង ហើយរកវាយតប់គ្នា តែមិនបានវាយគ្នានោះទេ ព្រោះបានអ្នកជិតខាងជួយឃាត់បំបែកចេញទៅ ។ លុះមកដល់វេលាកើតហេតុខាងលើ
ក៏ឃើញជនរងគ្រោះដើរចេញពីកន្លែងផឹកមក ពេលនោះជនសង្ស័យបានកាន់កូនកន្រ្តៃយកទៅប្រតាយប្រតប់ជាមួយជនរងគ្រោះ បណ្តាលឱ្យមុតចំថ្ងាសជនរងគ្រោះមានរបួសស្នាមហូរឈាមជោគខ្លួន ហើយក្រោយមកក៏ត្រូវជនរងគ្រោះប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ឲ្យចុះទៅឃាត់ខ្លួន និងដកហូតវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់