ព័ត៌មានជាតិ

កុំតែបានប្រជាពលរដ្ឋឃើញទាន់ មិនដឹងយ៉ាងណាទេ…..

ភ្នំពេញ: នគរបាលឃាត់ខ្លួនជាក់ស្តែងករណីជនសង្ស័យលួចខ្សែដៃ ខណ:ជនរងគ្រោះកំពុងដេក ហើយប្រជាពលរដ្ឋឃើញ ក៏ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចល្បាតឃាត់ខ្លួនតែម្តង។ ​ហេតុកាណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ​០៤ និង២០នាទី​ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចមុខហ្គារ៉ាសសាំង​ លី​ ហៀង​ ផ្លូវ១៩២៧ ក្រុមទី៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលបានធ្វើសកម្មភាពលួចខ្សែដៃមានឈ្មោះ​ វ៉ាន់​ សារុំ​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ មុខរបរ​ រត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះជួល​ សង្កាត់​បឹងទំពុន​ទី២​ ខណ្ឌមានជ័យ​។ ជនរងគ្រោះឈ្មោះ ងួន មករា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលផ្លូវ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ អំទ្បុងពេលជនរងគ្រោះកំពុងដេកនៅលើម៉ូតូតុតុ​ ដែលចតនៅមុខហ្គារ៉ាសសាំង​ ដោយឃើញឱកាសល្អ​ ក៏ចូលទៅដោះខ្សែដៃ​ ហើយប្រជាពលរដ្ឋឃើញក៏ស្រែកឆោឡោ ពេលនោះកម្លាំងល្បាត បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

សម្ភារដកហូតបាន៖ខ្សែរដៃ១ ខ្សែលោហធាតុ ពណ៌លឿងទំងន់៩ជី​ ម៉ូតូមួយគ្រឿងម៉ាក​ ហុងដាសេ១២៥​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1HI-3721។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់