ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម បង្ហាញខ្លួនក្រោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ នៅទីបំផុតតារាចម្រៀង ខេម បានចេញមុខឡើងឆាកជាសាធារណៈហើយ បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរារណ៍ ហើយលាក់ខ្លួនអស់មួយរយៈធំ ដោយសូម្បីតែសកម្មភាពចូលរួមក្នុងកម្មវិធីជួបជុំតារាសិល្បៈ ក៏មិនឃើញទាល់តែសោះ។ ការបង្ហាញមុខរបស់លោក ត្រូវគេប៉ាន់ស្មានថា ប្រហែលជារឿងរ៉ាវរបស់លោកត្រូវបានបញ្ចប់ហើយ ទាំងការផ្ដល់សំណង និងការប្រឈមផ្លូវច្បាប់។

ការបង្ហាញខ្លួនរបស់លោក បានធ្វើឡើងក្នុងកម្មវិធីតន្ត្រីរបស់ទូរទស្សន៍ ETV កាលពីយប់ថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១៦ ដោយក្រៅពីបកស្រាយបទចម្រៀង លោកក៏បានបង្ហាញអារម្មណ៍ជាច្រើន ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងផងដែរ។ លោកបាននិយាយថា «ពេលដែលខ្ញុំមានបញ្ហា (គ្រោះថ្នាក់ចរាចរ) មានអ្នក Comment មកខ្ញុំថា ខ្ញុំច្រៀងបទគ្រោះថ្នាក់ចរាចរណ៍ តែបែរជា(បង្ក)គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯង ជាការពិតសូម្បីតែគ្រោះថ្នាក់ចរាចរណ៍ ក៏វាអត់យល់មុខខ្ញុំដែរ អត់លើកលែងឲ្យអ្នកណាទេ ដូច្នេះនៅពេលដែលយើងបើកបរ មិនថាខ្ញុំ មិនថាបងប្អូន ធ្វេសប្រហែសតែម៉ាបន្តិច គឺមានបញ្ហា ពេលខ្លះយើងប្រយ័ត្ន គេអត់ប្រយ័ត្ន ពេលខ្លះយើងអត់ប្រយ័ត្នគេប្រយ័ត្នមានបញ្ហាទាំងពីរនាក់ ហើយអ្វីដែលផ្ដល់មកឲ្យយើងទាំងអស់គ្នាគឺការសោកស្ដាយរៀងៗខ្លួន…»

លោកបានទទូចហើយទទូចទៀតថា អ្វីដែលបានកើតឡើង គឺជារឿងដែលលោកមិនបានតាំងចិត្ត និងស្នើឲ្យអ្នកបើកបរទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ និងកុំធ្វេសប្រហែសឲ្យសោះ ដើម្បីកើតឡើងនូវគ្រោះថ្នាក់នៅលើដងផ្លូវ នាំឲ្យមានវិប្បដិសារីដូចលោក។ នៅក្នុងពិធីនោះ លោកបានបញ្ជាក់ថា នឹងចេញមុខបម្រើអារម្មណ៍មហាជនដូចដើមវិញហើយ ដោយលោក ប៉ែន ចំរ៉ុង ជាពិធីករក៏បានទទូចឲ្យជួយគាំទ្រដល់លោក និងកុំមានការប្រកាន់ ចំពោះអ្វីដែលបានកើតឡើងចំពោះលោកនោះផងដែរ។ លោកថា នេះជាលើកទី១ ដែលលោកបង្ហាញខ្លួនក្រោយពីគ្រោះថ្នាក់ចរាចរណ៍ ហើយលោកហាក់បង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងចំពោះការបង្ហាញមុខម្ដងទៀតរបស់ខ្លួន នឹងមានការគាំទ្រមិនខុសពីពេលដែលលោកបានប្រទះនឹងរឿងគ្រោះថ្នាក់នោះឡើយ។

នៅថ្ងៃទី១០ ខែកក្កដាស្អែកនេះ លោក ខេម ក៏ត្រូវទូរទស្សន៍ PNN ប្រកាសថានឹងឡើងឆាកតន្ត្រីបន្តផ្ទាល់របស់ខ្លួន ទើបគេមើលឃើញថា រឿងរ៉ាវដែលបានកើតពាក់ព័ន្ធនឹងគ្រោះថ្នាក់របស់លោក ទំនងជាបានបញ្ចប់ទាំងស្រុងទៅហើយ ទើបលោកទទួលចេញមុខជាថ្មីបែបនេះ។ ប៉ុន្តែការយល់ឃើញនេះ ក៏ធ្វើឲ្យមានការចោទសួរផងដែរ ដោយសារមាត្រាទី៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវគេឃើញចែងថា រាល់ជនណាដែលបើកបរនៅលើដងផ្លូវ ហើយបណ្ដាលឲ្យអ្នកដទៃស្លាប់ត្រូវតែប្រឈមជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងបង់វិន័យដោយជៀសមិនផុតនោះ៕

មតិយោបល់