ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញាឆ្លើយតបចំពោះសកម្មភាពកងទ័ពជើងទឹកអ៊ីស្រាអែល ដែលប្រឆាំងនឹងការលក់ប្រេងខ្លួន

អ៊ីរ៉ង់ៈ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បញ្ឈប់សកម្មភាពដឹកជញ្ជូនប្រេងអ៊ីរ៉ង់ ទៅកាន់បរទេស។ ដោយលោកក៏បានគំរាម ដាក់ពង្រាយកងទ័ពជើងទឹកអ៊ីស្រាអែល ដើម្បីជួយទប់ស្កាត់ការប៉ុនប៉ងរបស់អ៊ីរ៉ង់ ដែលប្រឹងប្រែងដើម្បីរត់ពន្ធប្រេង តាមផ្លូវសមុទ្រ នៅក្នុងបំណងចង់លុបចោលការដាក់ទណ្ឌកម្មរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បានថ្លែងនៅថ្ងៃពុធនេះថា ប្រសិនបើអ៊ីស្រាអែល ព្យាយាមរារាំងការលក់ប្រេងរបស់អ៊ីរ៉ង់ នោះយើងនឹងឆ្លើយតបយ៉ាងមុតមាំទៅវិញ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង ក៏បានកត់សម្គាល់ផងដែរថា សកម្មភាពរបស់អ៊ីស្រាអែល នឹងត្រូវបានគេមើលឃើញថា ជាចោរសមុទ្រ ប្រសិនបើកងទ័ពជើងទឹករបស់ពួកគេ នឹងធ្វើសកម្មភាព ប្រឆាំងលើអ៊ីរ៉ង់នោះ៕

មតិយោបល់