ព្រះសីហនុៈ កាលពីវេលាម៉ោង ៥ និង ៥០នាទីល្ងាចថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ មានករណីដាច់ខ្សែកាប ត្រូវថ្មម៉ាបសង្កត់លើ បណ្ដាលឲ្យជនជាតិចិនម្នាក់ស្លាប់បាត់បង់ជីវិត ស្ថិតនៅសិប្បកម្មលក់ថ្មម៉ាប់ (វ័នធាវ) ក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ។
យោងតាមព័ត៌មានប្រចាំថ្ងៃ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាថ្ងៃកើតហេតុ អំទ្បុងពេលកំពុងធ្វើការ កម្មករជនជាតិចិនម្នាក់ បានលើកផ្ទាំងថ្មចេញពីទូរកុងតឺន័រ ស្រាប់តែដាច់ខ្សែកាបយោងបណ្តាលឲ្យ ធ្លាក់ថ្មម៉ាបគាបសង្កត់ជាប់ អស់រយៈពេលជិត២ម៉ោង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយគាស់យកចេញបាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ៨៨៨ ប៉ុន្ដែជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស ឆ្នាំ កំណើត១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E 55991551 មានសុពលភាពដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ មុខរបរ កម្មករសិប្បកម្មថ្មម៉ាប របស់ក្រុមហ៊ុន វ័នឆាវ៕
មតិយោបល់