កណ្ដាលៈ បន្ទាប់មានករណីឃាតកម្ម នៅស្រុកមុខកំពូលរួចមក នគរបាលការិយាល័យព្រហម្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល និងនគរបាលប៉ុស្ដិ៍ព្រែកដំបង បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនដៃដល់បានម្នាក់ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ (ត្រឹមរយៈពេល២ថ្ងៃ) ខណៈដែលបក្ខពួកផ្សេងទៀត ស្ថិតក្នុងការស្រាវជ្រាវ ចាប់ខ្លួននៅឡើយ។
មន្រ្ដីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះ មានឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា បន្ទាប់ពីក្រុមយុវជនសង្ស័យ ធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ ឈ្មោះ ក្រង ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ក្បែរហាងមីហិរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង រួចមក ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល រីឯសមត្ថកិច្ចជំនាញ ក្រោយពីទទួលបានព័ត៌មានករណីឃាតកម្ម ភ្លាមក៏ចុះមកធ្វើការពិនិត្យ រួចធ្វើការសហការគ្នា ស្រាវជ្រាវរកមុខយុវជនសង្ស័យ ដើម្បចាត់ការតាមនីតិវិធីច្បាប់ ។
ជាលទ្ធផលសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ឈ្មោះ ឡុង ឈុនលី ហៅឃ្លី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្ត យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯមុខសញ្ញា ដែលពុំទាន់ចាប់ខ្លួនបាន សមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវបន្ដទៅទៀត៕
មតិយោបល់