កាលពីថ្ងៃទី១៤ មីនា ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់យ៉ាងជោគជ័យ ដោយផលិតករបរទេសសរសើរ ពីព្រឹត្តិការណ៍នេះ មិនដាច់ពីមាត់តែម្ដង ជាពិសេសនៅពេលភាពយន្តរឿង “The Prey” ត្រូវបានចាក់បង្ហាញ។ ព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចប់ក្រោមវត្តមានផលិតករបរទេស និងខ្មែរយ៉ាងច្រើនកុះករ ខណៈដែលតារាសិល្បៈ និងភ្ញៀវកិត្តិយស ក៏សរសើរពីព្រឹត្តិការណ៍នេះ មិនដាច់ពីមាត់។
លោក ស៊ុន ខេមរ៉ា ជាអ្នកសម្របសម្រួលកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយមានផលិតករបរទេសយ៉ាងច្រើន យកស្នាដៃរបស់គេមកដាក់បង្ហាញ ស្របគ្នាដែលភាពយន្តខ្មែរ ក៏មានចំនួនច្រើន។ លោកសម្ដែងការចាប់សរសើរ ចំពោះភាពយន្តរឿង «ហ៊្វូណន» ដែលធ្លាប់ជាប់ពានរង្វាន់ ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី កាលពីឆ្នាំ ២០១៨ រឿង «ផ្នូរគ្មានឈ្មោះ» ដែលធ្លាប់ឈ្នះមហោស្រពភាពយន្ត នៅទីក្រុងវេនីស, និងជាបេក្ខភាពក្នុងពានរង្វាន់អូស្ការ មុននេះក្ដៅៗតំណាងឲ្យកម្ពុជា ខណៈដែល រឿង «តន្ត្រីជីវិត» របស់មហោស្រពភាពយន្តអន្តរជាតិ នៅទីក្រុងតូក្យូ និង រឿង «The Prey» របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន កាលពីឆ្នាំ ២០១៨ ដែលបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នេះ។
លោកថា គឺមោទនភាពធំណាស់ ដែលភាពយន្តល្អៗ ទាំងនេះ ស្រាប់តែយកមកបង្ហាញ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ លើកនេះ ដោយលោកបញ្ជាក់ថា បើព្រឹត្តិការណ៍មួយនេះ មិនត្រូវបានចាប់អារម្មណ៍ និងទទួលស្គាល់ពីអន្តរជាតិ ក៏មិនអាចទាក់ចិត្តផលិតករបរទេស អោយមកចូលរួមយ៉ាងច្រើនបែបនេះដែរ។ លោកកាន់តែសប្បាយចិត្ត ដែលថ្ងៃបិទមហោស្រព មិនត្រឹមតែថ្នាក់ដឹកនាំក្រសួង និងភ្ញៀវកិត្តិយសរហូតដល់រាប់រយនាក់ ចូលរួមបិទពិធី ខណៈដែលក្នុងចំណោមនោះផលិតករ តារាសិល្បៈខ្មែរ រួមទាំងផលិតករ និងតារាអន្តរជាតិផង ក៏បានអញ្ជើញជាកិត្តិយសផង។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ បានប្រកាសធ្វើឡើងកាលពីថ្ងៃទី៩ មិនា ដោយបញ្ចប់ថ្ងៃ១៤ មិនា ដោយភាពយន្តខ្មែរចំនួន ២៦ និងភាពយន្តបរទេសជាង១០០រឿង ត្រូវបានដាក់បញ្ចាំងនៅតាមរោងភាពយន្តធំៗនៅភ្នំពេញ ដូចជានៅរោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ ដោយក្នុងពេលដំណើរការចាក់បញ្ចាំងនេះ មានអ្នកទស្សនាជាច្រើនចាប់អារម្មណ៍៕
មតិយោបល់