ពោធិ៍សាត់ៈ កាលពីថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវ៉ារថយន្តកែច្នៃ ទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតលើផ្លូវជាតិលេខ៥៥ ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ ជា ផល្លា អាយុ ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិអង់ត្បូង ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ កម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ បានជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ 1F-2941 មកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តកែច្នៃ តែមិនផុតទៅបុករថយន្ត ១គ្រឿងទៀត កំពុងធ្វើដំណើរនៅពីមុខពេញមួយទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច ចំណែកអ្នកបើកបររថយន្ត មិនបង្អង់យូរបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល បន្សល់សាកសព និងម៉ូតូជនរងគ្រោះ នៅនិងកន្លែងកើតហេតុគួរឲ្យសង្វេគ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ ចុះធ្វើការវាស់វែង បញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាល្បឿន និងការវ៉ាជែង ចំណែកសពសមត្ថកិច្ច ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់