ព័ត៌មានជាតិ

លោក អាត់ ខែម ៖ នគរបាលប៉ុស្តិ៍ត្រូវគ្រប់គ្រងមុខសញ្ញានានា និងបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេល

បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានជំរុញដល់មន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា និងបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេល។

លោកលើកឡើងបែបនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចំនួន៨រូប នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ លោកចៅសង្កាត់ និងមន្ត្រីនគរបាលជាច្រើន។

តាមសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ដែលអានដោយលោកវរសេនីយ៍ទោ ម៉ក់ ឧត្តម នាយការិយាល័យបុគ្គលិកក្នុងនោះសម្រេចផ្ទេរភារកិច្ចនាយប៉ុស្តិ៍រដ្ឋបាលនគរបាល សង្កាត់ព្រះពន្លា ជានាយប៉ុស្តិ៍រដ្ឋបាល នគរបាលនគរបាលសង្កាត់កំពង់ស្វាយ និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កំពង់ស្វាយ ជានាយប៉ុស្តិ៍រដ្ឋបាល នគរបាលព្រះពន្លាវិញ និងត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្នាក់នាយផ្នែក១រូប, នាយរងផ្នែក៣រូប និងនាយរងប៉ុស្តិ៍រដ្ឋបាលចំនួន២រូប។

បន្ទាប់ពីការលើកឡើងរបស់ លោកអភិបាលរងក្រុងសិរីសោភ័ណក្នុងការកោតសរសើដល់កងកម្លាំងនគរបាលក្រុង និងខេត្តដែលរក្សាបាននៅសន្តិសុខ សណ្តាប់ធ្លាប់ ជូនពលរដ្ឋលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឲ្យមន្ត្រីនគរបាលដែលត្រូវបាន ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាពេល ត្រូវខិតខំយកចិត្តទុកដាក់លើតួនាទីភារកិច្ចរបស់ខ្លួន បន្ថែមទៀត ពិសេសត្រូវបន្តផ្សព្វផ្សាយ ពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

គ្រប់គ្រងពីស្ថិតិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្តាប់ឲ្យបានរាល់មុខសញ្ញាចេញពីពន្ធនាគារ មុខសញ្ញាជួញដូរគ្រឿងញៀន ក្មេងទំនើង និងមុខសញ្ញាធ្លាប់បង្កបទល្មើសចោរលួច ចោរប្លន់ ពិសេស គឺក្តាប់ឲ្យបានពីមនុស្សចេញចូលស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកពីតួនាទីរបស់នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលត្រូវអនុវត្តនៅមូលដ្ឋានរបស់ខ្លួននោះផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នគរបាលប៉ុស្តិ៍គឺជាសេនាធិការឲ្យឃុំ សង្កាត់ រាល់កិច្ចនៅក្នុងមូលដ្ឋាន ដូច្នេះដើម្បីឲ្យកិច្ចការងាររបស់ខ្លួនប្រព្រឹត្តទៅបានរលូន ទទួលបានជោគជ័យ គឺត្រូវតែ មានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ និងត្រូវបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា ក្នុងនោះដែរត្រូវជំរុញឲ្យប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ និងប្រជាពលរដ្ឋគ្រប់អាយុ ត្រូវឲ្យគាត់មកធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា។ ជាងនេះទៀតសោតនោះគឺត្រូវមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕

មតិយោបល់