សៀមរាបៈ ផ្អែកតាមការស្រាវជ្រាវត្រួតពិនិត្យ របស់កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្ត នាវេលាម៉ោង ៣ និង៣០នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានចុះទៅចំណុចក្រុមហ៊ុនទេសចរណ៍កូរ៉េត្រាវែល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
កម្លាំងនគរបាលជំនាញ បានធ្វើការអញ្ជើញជនបរទេសម្នាក់ មកសាកសួរ នៅការិយាល័យជំនាញ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់ ដោយលោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានឲ្យដឹងថា៖ ជនបរទេសរូបនេះឈ្មោះ LEE SEUNGHO ភេទប្រុស កើតថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៧៥ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M69993336 មុខរបរ បុគ្គលិកក្រុមហ៊ុនទេសចរណ៍កូរ៉េត្រាវែល ស្នាក់នៅផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ក្រោយពីសត្ថកិច្ចធ្វើការត្រួតពិនិត្យឃើញថា ទិដ្ឋាការស្នាក់នៅ ផុតសុពលភាពរយៈពេល (០៥ឆ្នាំ ៤២ថ្ងៃ) គឺចាប់តាំងពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៤មកម្ល៉េះ ដោយមូលហេតុ មិនបានបន្តសុពលភាព ទិដ្ឋាការស្នាក់នៅដោយសារពុំមានថវិកា។
បច្ចុប្បន្ន ជនបរទេសរូបនេះ ត្រូវកម្លាំងនគរបាលជំនាញ បញ្ជូនទៅមណ្ឌលត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់