បាត់ដំបងៈ កាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ មានករណីប្រទះឃើញមនុស្សស្លាប់ នៅចំណុចស្រះទឹករបស់ឈ្មោះ អេង ភេទប្រុស នៅក្រុមទី០៧ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្រោយទទួលបានដំណឹង កម្លាំងជំនាញបានចុះដល់ទីកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។
ជនរងគ្រោះឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ ជុំ ញឹម ភេទស្រី អាយុ ៥៩ឆ្នាំ រស់នៅក្នុងភូមិថ្មី ក្រុមទី១៣ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង សភាពសាកសពមានពាក់អាវក្រណាត់ដៃវែង ពណ៌ឈាមជ្រូក ស្លៀកខោក្រណាត់ជើងវែង ពណ៌ខ្មៅ ដេកផ្ងារ ក្បាលទៅទិសខាងត្បូង ជើងសណ្តូកត្រង់ទាំងសងខាងមកលើត្រង់។
– ផ្នែកខាងមុខភ្នែក បែកសើរស្បែកលើសំបកភ្នែក ក្រោមត្របកភ្នែកទាំងសងខាង
– ក្រោមត្រចៀកមានស្នាមបែកសើរស្បែកទំហំ ២x២ សង់ទីម៉ែត្រ
– ផ្នែកខាងក្រោមត្រចៀកមានស្នាមបែកសើរស្បែកទំហំ ២x២ សង់ទីម៉ែត្រ
– មាត់មានស្នាមបែកខាងក្រោមផ្នែកខាងឆ្វេង
– ក.មានក្រណាត់ក្រម៉ារំ ទំហំ ៧ សង់ទីម៉ែត្រ ប្រវែង១២០ សង់ទីម៉ែត្រ ចងជាប់ក និងលើដងខ្លួន មិនមានស្លាកស្នាម អ្វីគួរកត់សម្គាល់ឡើយ។
ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចនៅមិនអាចសនិ្នដា្ឋនទេថា ជនរងគ្រោះស្លាប់ ដោយសារបទឃាតកម្ម ឬអត្តឃាតខ្លួនឯង បច្ចុប្បន្ន កម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុឲ្យពិតប្រាកដ ហើយសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់