បន្ទាយមានជ័យៈ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៥ស្រុក-ក្រុង ក្នុងខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាត៣០ខ្នង ក្នុងនោះសាលារៀន ២ខ្នង ដោយសារខ្យល់កន្ត្រាក់ នៅយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ នេះ។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាៈ នៅយប់ថ្ងៃទី១៥ ខែ មិនា ឆ្នាំ២០១៩ នៅស្ទើរតែទូទាំងខេត្តគឺមានភ្លៀងធ្លាក់តិច និងច្រើន និងមានបាតុភូតខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង បណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៣០ខ្នង ក្នុងនោះមាន សាលារៀនចំនួន ២ខ្នង រងនូវការខូចខាតរួមទាំងដើមឈើ ដំណាំហូបផ្លែ ក៏រងនូវការដួលរលំផងដែរ។
លោកបានបញ្ជាក់ទៀតថា៖ ស្រុក ក្រុង ដែលរងនូវការខូចខាតនោះមាន ស្រុកថ្មពួក ខូចខាតចំនួន៦ខ្នង សាលារៀន២ខ្នង ។ ក្នុងនោះឃុំគោករមៀត ៤ខ្នង សាលារៀន១ខ្នង , ឃុំគំរូ លំនៅដ្ឋាន ៣ខ្នង , ឃុំថ្មពួក សាលារៀន ១ខ្នង ។ ស្រុកម៉ាឡៃ លំនៅដ្ឋានចំនួន១២ ខ្នង នៅឃុំ តាគង់ ,ស្រុកព្រះនេត្រព្រះ ចំនួន៥ខ្នង នៅឃុំទានកម្ម , ក្រុងប៉ោយប៉ែត ២ខ្នង នៅសង្កាត់និមិត្ត ,ស្រុកស្វាយចេក ចំនួន ៥ខ្នង នៅឃុំស្លក្រាម និងមានដើមឈើ ដំណាំរបស់ប្រជាពលរដ្ឋ ដួលរលំផងដែរ ។ នេះគឺគ្រាន់តែតួលេខបឋម ។
លោក អាត់ ខែម បានបញ្ជាក់ថាៈ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះ គឺពុំមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ ។ នៅថ្ងៃទី១៦នេះ កងកម្លាំងនគរបាល ក៏ដូចជាកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក៏បានចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ក៏ដូចជាសាលារៀនផងដែរ៕





មតិយោបល់