ព័ត៌មានជាតិ

ព្រឹកនេះតំណាងអយ្យការ បន្តការសាកសួរ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពាក់ព័ន្ធរឿងសម្លាប់ស្រីកំណាន់

ភ្នំពេញៈ យោងាតាមការបញ្ជាក់របស់ លោក រស់ ផល្លា មេធាវីការពារសិទ្ធិឱ្យលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ លោកព្រះរាជអាជ្ញារង សៀង សុខ កំពុងតែបន្តការសាកសួរ កូនក្តីលោកបន្តទៀត ពាក់ព័ន្ធករណី ឃាតកម្ម លើលោកស្រី ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់។

ដោយឡែកលោក ទេព មុនីជាតិ ជាមេធាវីការពារសិទ្ធិឱ្យលោក ឡាយ ណារិទ្ធ ជាអតីតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ បានឱ្យដឹងផងដែរថា តំណាងអយ្យការបានបញ្ជប់ការសាកសួរ កូនក្តីលោក និងអ្នកពាក់ព័ន្ធ ០៤នាក់ទៀត កាលពីល្ងាចថ្ងៃម្សិលមិញហើយ ប៉ុន្តែមកដល់ព្រឹកនេះ តំណាងអយ្យការនៅមិនទាន់សម្រេចចោទប្រកាន់លើកូនក្តីលោក និងមនុស្ស ០៤នាក់ទៀតនៅឡើយទេ ដោយរងចាំបញ្ចប់ការសាកសួរលើលោក ឡាយ វណ្ណៈ សិន។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណីឃាតកម្មលើជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា មន្ត្រីរដ្ឋសភា និងជាស្រីកំណាន់លោក ឡាយ វណណៈ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបញ្ជូនទៅតុលាការ ចំនួន ០៦នាក់រួម៖

-ទី១ឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
-ទី២ឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់លោក ឡាយ វណ្ណៈ
-ទី៣ឈ្មោះ ចាន់ រី ភេទស្រី ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ
-ទី៤ឈ្មោះ ជឹម វុធ ភេទប្រុស ជាអ្នកបម្រើនៅផ្ទះជនរងគ្រោះ
-ទី៥ឈ្មោះ មេន សម័យ ភេទប្រុស ជាអ្នកបើកឡានឲ្យ លោក ឡាយ វណ្ណៈ
-និងទី៦ឈ្មោះ តាក់ រតនា ភេទប្រុស អ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ។

គួររំឭកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា។

ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺរឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុក និងបានឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើតែម្តង៕

មតិយោបល់