ព័ត៌មានជាតិ

រថយន្តធុនធំ បុកគូទរថយន្ត Range Rover ឈប់ចតចោល បណ្តាលឲ្យរងការ ខូចខាត

ភ្នំពេញ: រថយន្តកូរ៉េ ២តោន កន្លះ មួយគ្រឿង បើកដឹកឪឡឹក យកទៅដាក់នៅផ្សារ ដើមគ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ត Range Rover មួយគ្រឿង ដែលឈប់ចតចោល នៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី ៣ ប្រមាណ ៥០ម៉ែត្រ តាមបណ្ដោយផ្លូវ ២២៥ កែងនិងផ្លូវ ១១២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេល កើត ហេតុ គេឃេីញ បុរស ម្នាក់ បេីកបរ រថយន្ត កូរ៉េ២តោន កន្លះ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7402 ទើបតែដឹកផ្លែឪឡឹក ចេញ មកពីខេត្តបន្ទាយមានជ័យ បំណងយកទៅដាក់នៅផ្សារដើមគ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ ២២៥ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់រថយន្តខាងលើ ជាន់ហ្វ្រាំងមិនស៊ី ក៏រេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកគូទ រថយន្តស៊េរី ទំនើបមួយគ្រឿងទៀត ម៉ាក Range Rover ពណ៌កណ្តុរប្រមេះ គ្មានស្លាកលេខ ដែលកំពុងឈប់ចតចោល នៅលើចិញ្ចើមផ្លូវម្ខាងទៀត ចំពីក្រោយ ពេញទំហឹង បណ្តាលឲ្យរថយន្ត Range Rover បែកចង្កៀងស្តុបខាងស្តាំ និង ក្រពឹតកាងខាងក្រោយ ចំណែកឯរថយន្តកូរ៉េ រងការខូចខាត ក្រពឹតផ្នែកខាងមុខ ប៉ុន្តែ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានឲ្យភាគីទាំង សងខាងធ្វើការ សម្រាប់សម្រួល ដោះស្រាយគ្នា ហើយដោយ ភាគីខាងរថយន្តកូរ៉េ បានដឹងពីកំហុសខ្លួន ក៏ព្រមយករថយន្តរងគ្រោះទៅជួសជុល ឲ្យ ឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់