ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារស្នាយពល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៨ ភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋម ទៅលើផលិតផលទំនិញចំនួន ១០ មុខស្មើនឹង ១២ គំរូ មានដូចជា៖ គុយទាវ បាញ់កាញ់ នំបញ្ចុះ ត្រីប្រាសំយ៉ុង ត្រីប្រម៉ា តៅគួ សាច់ក្រកគោ ណែមត្រី បង្គាស្រស់ ជ្រក់ស្ពៃ និងសណ្តែក ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ បានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ ក៏ប៉ុន្តែមន្ត្រីកាំកុងត្រូលបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២ មុខ រួមមាន៖ ទឹកសៀងផ្អែម ១ ដប ស្មើ ០.៥ គីឡូក្រោម និង ទឹកចាហ៊ួយក្រឡុក ៧២ ដប ស្មើនឹង ២០.៥ គីឡូក្រោម សរុបចំនួន ២១ គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានធ្វើការណែនាំដល់ម្ចាស់ផលិតទឹកខ្មេះទឹកត្នោត អោយដាក់ស្លាកសញ្ញានៅលើសំបកវេចខ្ចប់អោយបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រប់ គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាផងដែរ៕
មតិយោបល់