សៀមរាបៈ ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬបាតុភូតសមរាត្រី (Equinox) រដូវប្រាំង បានបង្ហាញវត្តមានដ៏ត្រចះត្រចង់ នៅលើទឹកដីអង្គរវត្តសៀមរាប ដោយបានបង្កើតនូវស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាល និងបានទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាង ២ពាន់នាក់ នាព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទី។
ថ្វីត្បិតតែព្រះអាទិត្យមិនរះ ចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តពេញលក្ខណៈ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានធ្វើឱ្យអ្នកទស្សនា ដោយផ្ទាល់ស្ងើចសរសើរ មិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាស មកលើកំពូលប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមិនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះ ជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់ បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនង រវាងសំណង់ស្ថាបត្យកម្មបុរាណ និងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណ ដែលដឹកនាំកសាងប្រាសាទអង្គរវត្ត។
អង្គរវត្តត្រូវបានស្ថាបនាទ្បើង ដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់ របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ នេះក៏ជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរ ដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច៕
មតិយោបល់