បាត់ដំបងៈ នៅយប់ថ្ងៃទី៦ ខែមេសា ឆាំ២០២១ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនឈ្មោះ ប៉ុល ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅផ្ទះជួលស្ថិតនៅ ភូមិរំចេក៣ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវជុំវិញករណីឃាតកម្មសម្លាប់ ប្រពន្ធរបស់ខ្លួន ។
សូមជម្រាបជូនថា នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញ ស្រី្តឈ្មោះ សេង វ៉េត ហៅ ស អាយុ៣៩ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ជួលខាងលើ ក្នុងសភាពហើមខ្លាំង និងធុំក្លិនមកខាងក្រៅ ដោយមិនដឹងពីមូលហេតុ ។
ផ្តើមចេញពីបញ្ហានេះ និងមានមូលដ្ឋានបង្ហាញពីការសង័្សយខ្លាំង ចំពោះការស្លាប់របស់ស្រ្តីរូបនេះ ទើបសមត្ថកិច្ចឈានដល់ការនាំខ្លួនបុរសខាងលើ ដែលត្រូវជាប្តីរបស់ជនរងគ្រោះមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល បុរសជាប្តីឈ្មោះ ប៉ុល ប៊ុនធឿន បានឆ្លើយសារភាពថា គាត់ពិតជាបាន សម្លាប់ស្រី្តជាប្រពន្ធរបស់គាត់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នាវេលាយប់រំលងអធ្រាត្រ ដោយការវាយដំលើផ្ទៃមុខនិងច្រ បាច់ករហូតដល់ស្លាប់ ។
ចំពោះមូលហេតុដែលឈានដល់ការសម្លាប់ប្រពន្ធបែបនេះ គឺដោយសារប្រពន្ធគាត់តែងតែជេរប្រមាថគាត់ នៅពេលខឹងហើយ តែងតែទូរសព្ទ ទៅរកប្តីមុន (អតីត) របស់គាត់និងនិយាយសរសើរប្តីមុន នៅចំពោះមុខគាត់ជាញឹកញយ ។
តាមការរៀបរាប់ជនសង្ស័យរូបនេះ បានឱ្យដឹងថា រូបគាត់និងស្រី្តរងគ្រោះទើប នឹងបានគ្នាជាប្តី ប្រពន្ធក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះ ហើយស្រ្តីជាប្រពន្ធនេះមានទីលំនៅឯខេត្កកណ្តាល ហើយគាត់បានគ្នាក្នុងពេលធ្វើកម្មកររោងចក្រ នៅខេត្តតាកែវជាមួយគ្នា និងទើបមកជួលបន្ទប់ស្នាក់នៅទីនេះក្នុងអំឡុងខែមីនា ឆ្នាំ២០២១ តែប៉ុណ្ណោះ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តទៅកាន់តុលារ ការអនុវត្តតាមផ្លូវច្បាប់ ៕
មតិយោបល់