ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក Starex មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាល ឲ្យរថយន្តឡើងលើទ្រូងផ្លូវ ទៅមុខលែងរួច រីឯអ្នកបើកបរ គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ ៧មករា តាមបណ្ដោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរស ម្នាក់បើករថយន្ត មួយគ្រឿងម៉ាក Starex ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AU-8038 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ ២៨៩ ក្នុងល្បឿនលឿនដូចហោះ។ មកដល់ចំណុចកើតហេតុសង្ស័យអ្នកបើកស្រវឹង បានរេចង្កូតបុកក្បាលនាគពុះចែក ទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់បែកអស់ពីរកង់។ ចំណែកឯរថយន្តបង្ក បាន កង់ម្ខាងឡើងលើទ្រូងផ្លូវ រងការខូចខាតបែកកាង និងដាច់ក្រឡេកង់ខាងមុខ ផ្នែកចំហៀងខាងឆ្វេងទៅមុខទៅរួច ។
ភ្លាមៗ នោះ អ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តគេចខ្លួន ចេញពីកន្លែងកើត ហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្ក ដែលបើកទៅមុខលែងរួចប៉ុណ្ណោះ ។ បន្ទាប់មកក៏មានបុរសម្នាក់ ទំនងជាគ្នីគ្នារបស់អ្នកបើកបររថយន្តបង្ក បានដើរមកយក របស់របរដែលនៅក្នុងរថយន្តនិងព្យាយាមកាច់ស្លាកលេខរថយន្តបង្កចេញពីរថយន្ត តែដោយកាច់មិនបាក់ក៏យកក្រដាស់កាសែតមកបិទពីលើស្លាកលេខរថយន្ត ដើម្បីកុំ ឲ្យអ្នកសារព័ត៌មានថតជាប់ ព្រោះខ្លាចខ្មាសគេ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទង ហៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីឲ្យចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្ត បង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការ ដោះស្រាយផ្លូវច្បាប់៕
មតិយោបល់