ភ្នំពេញៈ កាលពីវេលាម៉ោង០១ និង ៤៥នាទីរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ មានករណីផ្សែងហុយទ្រលោម ចេញពីក្នុងធនាគារកម្ពុជាអាស៊ី CAB Bank នៅតាមផ្លូវលេខ២៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសន្តិសុខធនាគារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ អគ្គិសនីកម្ពុជា បានដាច់ ទើបគាត់បានចុះទៅបញ្ឆេះម៉ាស៊ីនភ្លើង នៅជាន់ខាងក្រោម ដើម្បីឲ្យមានភ្លើងប្រើប្រាស់នៅក្នុងធនាគារ ដោយនៅពេលកាច់បារ៉ែតម៉ាស៊ីនភ្លើងនោះ ស្រាប់តែហុយផ្សែងទ្រលោម មានភ្លើងឆេះតែម្តង។
ក្រោយកើតហេតុ បុគ្គលិកធនាគារ សន្តិសុខ បងប្អូនប្រជាពលរដ្ឋ រួមទាំងជនបរទេស ដែលឃើញហេតុការណ៍ បានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យ និងទឹកមកជះពន្លត់ រហូតរលត់ទៅវិញជាស្ថាពរ។
ករណីនេះ មិនបណ្តាលឲ្យឆេះរាលដាល ដល់ធនាគារទាំងមូលនោះទេ គ្រាន់តែខូចខាតម៉ាស៊ីនភ្លើងប៉ុណ្ណោះ៕
មតិយោបល់