ភ្នំពេញៈ នៅវេលាម៉ោង ០៧ និង៤៥នាទីយប់ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ មានករណីចោរឆក់ទូរស័ព្ទដៃពីនារីម្នាក់ ខណៈកំពុងតែជិះម៉ូតូកង់បីឥណ្ឌា បានសម្រេច តែរត់មិនរួចត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក កើតហេតុនៅចំណុចស្តុបកៅដាយ ផ្លូវ២០៥កែង និងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ ស៊ុ ឆេងហ៊ុយ អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៣៣៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ នារីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា៖ ទូរស័ព្ទដែលជនសង្ស័យឆក់ យកទៅគឺម៉ាក Iphone X Max តម្លៃ ១៦០០ដុល្លារ។
ប្រភពពីកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌា ពីម្តុំទឹកថ្លា ខណ្ឌសែនសុខ គោលបំណងមកទួលស្វាយព្រៃ តាមដងផ្លូវម៉ៅសេងទុង ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ ០១គ្រឿង មិនចាំម៉ាក មកធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាក Iphone X Max របស់ស្ត្រីរងគ្រោះ នៅពេលកំពុងតែកាន់ជាប់ នឹងដៃបានសម្រេច រួចបានបន្ថែមល្បឿនម៉ូតូរត់ តែភ្លាមៗនោះដែរ ស្ត្រីរងគ្រោះបានស្រែកថា ចោរៗ ផ្អើលតគ្នាប្រមាណ ៥០ម៉ែត្រ បងប្អូនប្រជាពលរដ្ឋជួយដេញចាប់បាន ជនសង្ស័យដែលអង្គុយខាងក្រោយបានម្នាក់ ហើយនាំគ្នាស្វាគមន៍ម្នាក់មួយដៃ មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ធ្វើការសាកសួររីឯបក្ខពួក ជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
នៅចំពោះមុខជនសង្ស័យរូបនោះបានសារភាពថា រូបគេពិតជា បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះពិតប្រាកដមែន ហើយ ទូរស័ព្ទដែលឆក់បានត្រូវបានបាត់ នៅពេលបងប្អូនប្រជាពលរដ្ឋចាប់បាន។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង ចំណែក ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់