ភ្នំពេញៈ បុរសម្នាក់រួមទាំងមិត្តស្រី បានធ្វើដំណើរមកលេង ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនាថ្ងៃទី២ដើរលេងរហូតដល់យប់ជ្រៅ បានត្រឡប់មកវិញចូលក្នុងផ្ទះសំណាក់ យីហោ (ផ្ទះយើង) ក្នុងបន្ទប់លេខ២១៧ ស្រាប់តែបាត់ម៉ូតូមួយគ្រឿង ម្ចាស់ផ្ទះសំណាក់មិនព្រមដោះស្រាយសំណង បែរជាម្ចាស់ផ្ទះសំណាក់គំរាមប្តឹងជនរងគ្រោះវិញ ធ្វើឲ្យបុរសខាងលើកើតទុក្ខមិនសុខចិត្ត បានប្រតិកម្មប្រាប់អ្នកអ្នកសារព័ត៌មាន នៅមុខផ្ទះសំណាក់ នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅមុខផ្ទះសំណាក់យីហោ (ផ្ទះយើង) តាមបណ្ដោយផ្លូវ ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឃួន ភារុណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល ម៉ូតូដែលបាត់ម៉ាក ហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ខេត្តពោធិ៍សាត់ 1J-1124 ជាម៉ូតូដែលជនរងគ្រោះខ្ចីគេជិះ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះរួមទាំងមិត្តស្រី បាននាំគ្នាធ្វើដំណើរមកលេងក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សង់សេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ខេត្តពោធិ៍សាត់1J-1124 ដើរលេងរហូតដល់យប់ជ្រៅ ម៉ោងជិត១២យប់ បានត្រឡប់មកវិញចូលក្នុងផ្ទះសំណាក់យីហោ (ផ្ទះយើង) ក្នុងបន្ទប់លេខ២១៧ ដោយទុកម៉ូតូចាក់សោក្នុងផ្ទះសំណាក់ត្រឹមត្រូវ រួចបានចូលទៅក្នុងបន្ទប់បាត់ទៅ រហូតដល់វេលាម៉ោងជិត០៤ទៀបភ្លឺចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែបាត់ម៉ូតូរបស់ជនរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
ជនរងគ្រោះបានបន្តឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះសំណាក់បានឱ្យជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលបឹងកក់ទី១ និងឱ្យជនរងគ្រោះមកធ្វើការដោះស្រាយនាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លុះដល់ថ្ងៃកំណត់ជនរងគ្រោះ បានមកដល់ផ្ទះសំណាក់ ធ្វើការចរចាគ្នា មិនត្រូវហើយឲ្យរង់ចាំថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ធ្វើការដោះស្រាយគ្នាម្ដងទៀត ដល់ថ្ងៃកំណត់ម្ចាស់ផ្ទះសំណាក់ មិនព្រមចេញមុខដោះស្រាយ ជាមួយនឹងជនរងគ្រោះទៀត បែរជាស្រែកជេរឡូឡាដាក់ឲ្យជនរងគ្រោះ ថែមទាំងចោទប្រកាន់ថាជនរងគ្រោះធ្វើស៊ីម្ចាស់ផ្ទះសំណាក់ទៅវិញ។
ក្នុងករណីនេះមិនត្រូវបានដោះស្រាយបញ្ចប់រឿងនោះឡើយទេគិតត្រឹមម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ០២០នេះ ។
សូមបញ្ជាក់ថា ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទៅម្ចាស់ផ្ទះសំណាក់ ដើម្បីបំភ្លឺរឿងនេះបានទេ តើជនរងគ្រោះបាត់ម៉ូតូនៅក្នុងផ្ទះសំណាក់នោះពិតប្រាកដមែនឬក៏យ៉ាងណា?៕
មតិយោបល់