ព័ត៌មានជាតិ

Update៖ រថយន្តកុងតឺន័រ បុកអូសម៉ូតូប្រមាណ១៥ម៉ែត្រ ហើយកិនបុរសម្នាក់ ធ្លាយខួរស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់បានធ្លាយខួរស្លាប់អាណោចអាធម័ បន្ទាប់ពីត្រូវរថយន្តកុងតឺន័រ បុកពីក្រោយកិនអូសប្រមាណ១៥ ម៉ែត្រ រួចរថយន្តបើកគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

សពរងគ្រោះឈ្មោះ ហ៊ាង ហ៊ុយ ភេទអាយុ ២៤ឆ្នាំ មានស្រុកកំណើត ភូមិដំណាក់ព្រីងខាងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរពីលិច ទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលចង្កូត ទៅបុកម៉ូតូឌ្រីម០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AC-5665 ពីក្រោយជិះស្របគ្នានៅខាងមុខពេញទំហឹង អូសប្រមាណ១៥ម៉ែត្រ ហើយកិនបុរសម្នាក់ធ្លាយខួរស្លាប់ភ្លាមៗ។

ក្រោយកើតហេតុសមត្ថជំនាញខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។

ដោយឡែកសពរងគ្រោះ ក្រោយសមត្ថកិច្ចធ្វើកំណត់រួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់