តាកែវៈ កាលពីវេលាម៉ោង ០៧ និង២៤នាទីព្រឹកថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ បុកម៉ូតូខ្ទាតចូលគោយន្ត នៅត្រង់ចំណុចវាលកំពង់ចក លើផ្លូវជាតិលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ និងគោយន្ត កំពុងបើកស្របទិសគ្នាពីលិចទៅកើត ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងទៀត បើកបញ្រ្ចាសទិសគ្នា បានមកបុកម៉ូតូកំពុងជិះស្របគោយន្តកន្រ្តៃ ខា្ទតចូលគោយន្តតែម្ដង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។
ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1BG-0885 បើកបរដោយឈ្មោះ អ៊ូច ហាងស្រ៊ី ភេទប្រុស អាយុ ៧០ឆ្នាំ មុខរបរ គ្រូពេទ្យចូលនិវត្តន៍ មានទីលំនៅភូមិក្អែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចហៅឡានសាមុយ ដឹកញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ចំណែកគោយន្តសណ្ដោងរ៉ឺម៉ក ម៉ាក គូបូតា ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ចឺត ជាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ(គ្មានរងរបួស) និងម៉ូតូមួយគ្រឿងទៀត មិនស្គាល់ អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីកើតទៅលិច ក្រោយកើតហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល។
មូលហេតុ៖ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក បច្ចុប្បន្ន កំពុងតាមស្រាវជ្រាវរកម៉ូតូ មួយគ្រឿងទៀត ដើម្បីយកមកដោះស្រាយតាមច្បាប់៕
មតិយោបល់