ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម ស្ត្រីម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងចម្ការខ្លួន

រតនគិរីៈ កាលពីវេលាម៉ោង ១២ និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ មានករណីប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ នៅចំណុចមាត់អូរ ក្នុងចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអុល(ធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរនគិរី ខណៈដែលសមត្ថកិច្ចសង្ស័យ ជាករណីឃាត់កម្ម។

ជនរងគ្រោះមានឈ្មោះ កែ ញ៉ូន ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីប្ដីជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៥ល្ងាច ជនរងគ្រោះ បានជិះម៉ូតូមកងូតទឹក នៅអូរក្នុងចម្ការរបស់ខ្លួន ចម្ងាយពីភូមិប្រហែល ១គីឡូម៉ែត្រ ដោយបាត់ប្រពន្ធយូរពេក ទើបគាត់បានមកតាម ប៉ុន្តែមិនឃើញ ឃើញតែស្បែកជើង និងកន្ត្រកដាក់ខោអាវ ក៏ត្រឡប់ទៅហៅអ្នកភូមិឲ្យមកជួយរក។

លុះវេលាម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ទើបរកឃើញសាកសពនៅក្នុងអូរ ចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងងូតទឹក រួចក៏រាយការណ៍ជូនសមត្ថកិច្ច។

ករណីនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ព្រមទាំងធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់