ព័ត៌មានជាតិ

រថយន្តស្ទូច បុករថយន្តក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ កំពុងរយែរថយន្តចេញពីឃ្លាំង រងការខូចខាត

ភ្នំពេញ: រថយន្តធុនធំដឹកស្រាបៀរមួយគ្រឿង របស់ក្រុមហ៊ុន ស្រាបៀរ ថៃហ្គ័រ បាន រយែរថយចេញពីក្នុងឃ្លាំងស្តុកស្រាបៀរ ក៏ត្រូវបានរថយន្តស្ទូចមួយគ្រឿង បើកមក បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងត្បូងខ្លោងទ្វារវត្ត សំរោងអណ្ដែតប្រមាណ ៥០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកបររថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ជាប្រភេទ រថយន្តស្ទូច ពាក់ស្លាកលេខចង្កូតស្តាំ PP-2505 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវហាណូយ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ។

មកដល់ចំណុចកើតហេតុ ដោយជាន់ហ្វ្រាំង មិនទាន់រថយន្តស្ទូចខាងលើ ក៏រេចង្កូត ទៅបុកគូទរថយន្តធុនធំ មួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ជាប្រភេទ រថយន្តដឹក ស្រាបៀរ របស់ក្រុមហ៊ុនថៃហ្គ័រ ពាក់ស្លាកលេខ ភ្នំពេញ 3E-5341 ខណ:ដែលតៃកុង កំពុងរយែរថយក្រោយចេញពីក្នុងឃ្លាំងស្កុប ស្រាបៀរយីហោ តាំង ស៊ុនតុង បណ្តោយឲ្យចំផ្នែកក្រោយចំហៀងខាងស្តាំយ៉ាងដំណំ ចំណែកឯរថយន្តស្ទូច រងការខូចខាតក្រពឹត កាប៊ីនផ្នែកខាងមុខ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះ ទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះទៅដល់ កន្លែងកើតហេតុ រួចក៏បានភាគីទាំងពីរ ធ្វើការចរចាដោះស្រាយគ្នា ដោយភាគីខាង រថយន្តស្រាបៀរ ថៃហ្គ័រ ព្រមចេញសំណងចំនួន ៣៦០ដុល្លារ ទៅឲ្យភាគីខាងរថយន្ត ស្ទូច ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់