ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា បើកលឿនទៅបុកគូទរថយន្តកុងតឺន័រពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តកូរ៉ូឡាមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឲ្យកៀប ជាប់ទៅមុខលែង រួចហេតុការណ៍ កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងផ្សារហេងលី ប្រមាណ៥០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តកុងតឺន័រ មួយគ្រឿងម៉ាក VOLVO ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3-7279 ធ្វើដំណើរ តាមបណ្ដោយផ្លូវ២៧១ ចេញពីផ្សារហេងលី ឆ្ពោះទៅស្តុបណូគា។ មកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បន្ថយល្បឿនអែបទៅខាងស្តាំ ដើម្បីបត់ត្រលប់ក្រោយវិញ ខណ:នោះស្រាប់តែមានរថយន្ត មួយគ្រឿងទៀត ម៉ាកតូយូតា កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-4897 ដែលបើកបរដោយបុរស ម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំមកក្រោយ ក្នុងទិសដៅស្របទិសគ្នា ទើបតែចេញ មកផឹកស៊ី នៅខារ៉ាអូខេ អង្គរសមរិទ្ធ បំណងបើកទៅផ្ទះនៅឯលូប្រាំ។

ដោយរថយន្ត កូរ៉ូឡាខាងលើ ខ្វះការប្រុងប្រយ័ត្ន និងជាន់ហ្វ្រាំងមិនជាប់ ក៏បោកកន្ទុយរថយន្តខាងស្តាំ ទៅផ្ទុបពីក្រោយ និងគូទរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យរថយន្តកូរ៉ូឡា កៀបជាប់ក្រោមគូទរថយន្តកុងតឺន័រ រងការខូចខាត ក្រពឹត មួយចំហៀងផ្នែកខាងស្តាំយ៉ាងដំណំ រីឯអ្នកបើកបររងរបួសស្រាល ចំណែកឯរថយន្ត កុងតឺន័ររងការខូចខាត វៀចកាងខាងក្រោយបន្តិចបន្តួច។

ក្រោយកើតហេតុភាគីទាំងសងខាង ក៏បានសម្របសម្រួលដោះស្រាយគ្នា ដោយ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីទាំងពីរក៏យករថយន្តទៅជួសជុល ដោយខ្លួនឯងរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់