ព័ត៌មានជាតិ

មុខសញ្ញាឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ ទើបចេញពីពន្ធនាគារ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការប្រដេញចាប់ឃាត់ ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះលក់ ចាប់ហួយមួយកន្លែង ក្បែរនិងស្តុបកោសដូង តាមបណ្ដោយផ្លូវ២៣០ ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យខាងលើ មានឈ្មោះ ជុំ ស៊ីដែន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី ០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HO-5864 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ២៣០ ក្នុងល្បឿនយ៉ាងលឿន ថែមទាំងមានកម្លាំងសមត្ថកិច្ចព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលស្លៀកពាក់ ឯកសណ្ឋានស៊ីវិល ៤ទៅប្រាំម៉ូតូ ជិះដេញតាមពីក្រោយផងដែរ។

លុះដល់ចំណុចកើតហេតុ ជនសង្ស័យក៏បានដួលម៉ូតូ រួចក៏ត្រូវបានកម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតស្រាល ដែលជិះដេញតាមពីក្រោយនោះ បានធ្វើការឃាត់ខ្លួន ភ្លាមៗតែម្ដង ។ ប៉ុន្តែខណ:នោះ ជនសង្ស័យខាងលើ បែរជាធ្វើរឹងទទឹងមិនសហការ ជាមួយសមត្ថកិច្ច តាមសម្រួលនោះទេ ថែមទាំងស្រែកទ្រហោយំ ប្រកែកថាខ្លួនមិន បានធ្វើអ្វីខុសនោះទេ។ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការវាយខ្នោះ ជនសង្ស័យខាងលើ ដើម្បីនាំយកទៅសាកសួរ ។

តាមប្រភពពីកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជាប់ពាក់ពន្ធនិងករណីឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ តាមដងផ្លូវយ៉ាង សកម្មនៅក្នុងរាជធានីភ្នំពេញ។

ជនសង្ស័យ ក៏ធ្លាប់ជាប់ពន្ធនាគារព្រៃស អស់រយ:២ឆ្នាំកន្លះ ម្តងរួចមកហើយ ដែល ជាប់ពីបទល្មើសប្លន់ប្រដាប់អាវុធ ហើយជនសង្ស័យ ទើបតែនឹងបានចេញពីពន្ធនាគារ បានរយ:ពេលកន្លះឆ្នាំប៉ុណ្ណោះ។

ក្រោយកើតហេតុជនសង្ស័យ រួចទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយក ទៅ សាកសួរនាំនៅប៉ុស្តិ៍នរគបាលរដ្ឋបាលបឹងសាឡាង ដើម្បីកសាងសំណុំរឿង ប្រគល់ បន្តទៅឲ្យសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នាំយកទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់