ភ្នំពេញៈ នៅតែមានមនុស្សឆ្លៀតឱកាសគ្រងស្បង់ចីវរ បន្លំធ្វើជាព្រះសង្ឃ ក្នុងបំណងដើរបិណ្ឌបាត និងរ៉ៃអង្គាស ដើម្បីរកលុយបានស្រួល ទើបធ្វើបែបនេះ តែបុណ្យនិងបាប មានពិតៗ ជាក់ស្តែង នៅវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលកម្លាំងអាជ្ញាធរសង្កាត់ កំពុងដើររៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ ស្រាប់តែឃើញបុរស៣នាក់ កំពុងផ្លាស់ប្តូរសម្លៀកបំពាក់ មកគ្រងស្បង់ចីវរធ្វើជាសង្ឃ ទើបឃាត់ខ្លួនយកមកសាកសួរ រួមជាមួយបុរសម្នាក់ទៀត ជាអ្នករត់ម៉ូតូកង់បី ។
ជនក្លែងបន្លំ និងផ្សំគំនិតទាំង៤នាក់ ទី១ ឈ្មោះ គង់ ឆែត អាយ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី២ ឈ្មោះ ភិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ ឈ្មោះ ប៉រ ញៀត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៤ ឈ្មោះ រុន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិទំនប់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។ មនុស្សទាំង៤នាក់ មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា មុនកើតហេតុ អំទ្បុងពេលកម្លាំងសណ្តាប់ធ្នាប់សង្កាត់ ជិះម៉ូតូដើរ មើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ ទម្លាក់វាំងននជិត ជនសង្ស័យក៏ចូលទៅមើលស្រាប់តែឃើញ ជនទាំង៣នាក់ កំពុងប្តូរសម្លៀកបំពាក់ ធ្វើជាសង្ឃក្លែងក្លាយ ទើបឃាត់ខ្លួនជាក់ស្តែងតែម្តង នាំយកទៅប្រគល់ឲ្យសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងក្លាយខាងលើ បានប្រាប់ថា ពួកគេមិនមែនជាសង្ឃទេ ជាប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ តែ ដោយសារធ្វើការសំណង់ រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារ ទីសាធារណៈ ដោយមានរ៉ឺម៉កព្រឹកឡើងមកដឹកចេញ ពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់ ទៅគ្រងជាស្បង់ចីវរតាមដងផ្លូវ រួចចុះដើរបិណ្ឌបាត ព្រោះធ្វើបែបនេះ រកលុយបានស្រួលណាស់។
ក្រោយពីមានចម្លើយសារភាព សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ៣នាក់ក្លែងបន្លំជាសង្ឃ និងម្នាម់ទៀតជាអ្នកសមគំនិត យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់