ភ្នំពេញៈ សមត្ថកិច្ចបង្ក្រាបជាក់ស្តែង ករណីផ្សំគំនិតគ្នា លួចរថយន្តលុចស៊ីស៤៧០ ពាក់ស្លាកលេខភព 2P4037 ឃាត់ខ្លួនបាន២នាក់បន្តបន្ទាប់ កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី២៣ ខែមិនាឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៨១F ក្នុងបូរីវិមានភ្នំពេញ ផ្លូវ២០៨ ក្រុមទី៤ ភូមិសង្កាត់ច្រាំចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ខាត់ រដ្ឋា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ក្រោយកើតហេតុ នៅវេលាម៉ោង ៧ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ទើបជនរងគ្រោះ មកដាក់ពាក្យបណ្តឹង នៅខណ្ឌនិងប៉ុស្តិ៍។ ដោយសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ឃាត់ជនសង្ស័យចំនួន២នាក់ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី ត្រង់ចំណុចឃ្លាំងលេខ៩៣ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២។
ជនសង្ស័យទី១ឈ្មោះ ម៉ម ភារះ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅឃ្លាំងលេខ៩៣ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២(គ្មានសារធាតុញៀន) អ្នកលួច និងទី២ ឈ្មោះ ស៊ឹម សុខមាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ2v4v ផ្លូវបេតុង ក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១(គ្មានសារធាតុញៀន) ផ្សំគំនិត។
សម្ភារៈដកហូតបានរួមមាន៖
– រថយន្ត១គ្រឿ ម៉ាកលុចស៊ីស៤៧០ ពណ៌ស្ករ ផលិតឆ្នាំ១០៩៨ ពាក់ស្លាកលេខ ភព2P 4037 លេខតួ+លេខម៉ាស៊ីន១០០០០១៧៦៥៣ ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញហើយ។
– អាវុធខ្លី១ដើម ប្រើហ្គាសបាញ់គ្រាប់កាំកង់លេខ១៨C
– និងកូនសោរថយន្តចំនួន២។
សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនងរគ្រោះ បានទុករថយន្ត នៅមុខផ្ទះ រួចចូលដេក ស្រាប់តែព្រឹកឡើងបាត់រថយន្តតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋាន កសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនិតិវិធី៕






មតិយោបល់