ព័ត៌មានជាតិ

Update៖ ប្រពន្ធទួញសោក យំស្ដាយប្ដីមិនគួរណា ម៉ូតូធំប្រល័យជីវិតបែបនេះសោះ!

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ខណ:កំពុងជិះកង់ឆ្លងផ្លូវ ស្រាប់តែត្រូវបានម៉ូតូធុនធំ បើកលឿនជ្រុលទៅបុកចំពាក់កណ្តាលពេញទំហឹងតែម្តង កាលពីវេលាម៉ោង៦ និង២៥នាទីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់នី ហៅរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ជា តាំងហ៊ួយ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃស្វាយ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនប្រុស២នាក់ក្នុងបន្ទុកគ្រួសារ ។
ចំណែកភាគីបង្ក ឈ្មោះ អាន ភារោត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសិប្បកម្មផលិតគ្រឿងសង្ហារឹម ស្នាក់នៅកន្លែងធ្វើការ ភូមិអង្គស្នួល ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមសម្តីភរិយាជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះកង់ចេញពីបន្ទប់ជួល ទៅធ្វើការងារសំណង់នៅក្បែរផ្សារចោមចៅ ខណ:ដែលកំពុងឆ្លងផ្លូវ ដល់ចំណុចគំនូសកណ្តាលទ្រូងផ្លូវ ស្រាប់តែម៉ូតូបង្ក ប្រភេទធុនធំ ម៉ាក merax ១៥០cc ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-0340 បើកល្បឿនលឿន ពីកើតទៅលិច ជ្រុលទៅបុកកង់ចំពាក់កណ្តាល បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ។ ភ្លាមៗនោះ អ្នកបើកបរ ត្រូវបានសមត្ថកិច្ច ឃាត់នាំខ្លួនយកទៅប៉ុស្តិ៍ ។

តាមស្តីអ្នកបើកបរម៉ូតូបង្ក បានឲ្យដឹងថា ខ្លួនទើបតែវិលត្រឡប់ មកពីលេងប្រពន្ធ ជាកម្មការនីរោងចក្រ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ហើយប្រញាប់ចូលធ្វើការងារ រោងសិប្បកម្ម លុះជិះដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់នេះតែម្តង ។

ករណីខាងលើក្រោយកើតហេតុ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ហើយ ប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ។ រីឯវត្ថុតាង ម៉ូតូ កង់ រួមទាំងអ្នកបើកបរម៉ូតូផង សមត្ថកិច្ចនាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់