ព័ត៌មានជាតិ

Update៖ ប្រទះឃើញរថយន្ត RANGE ROVER ស្លាកលេខ ភ្នំពេញ 2AF- 7777 បុកស្លាប់និស្សិតឆ្នាំទី៤ម្នាក់ នៅខណ្ឌទួលគោកហើយ

ភ្នំពេញ: រថយន្តម៉ាកRANGE ROVER ដែលបានបើកបុកម៉ូតូ បណ្តាលឲ្យនិស្សិតស្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១ និង២៥នាទីរសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣១៧ កែងផ្លូវ លេខ៥២៨ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដោយរថយន្តបង្ក បានបើកគេចខ្លួនបាត់ រហូតមកដល់វេលាម៉ោង ១២ និង១០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃពុធទី២៧ ខែមីនា ឆ្នាំ ២០១៩ ទើបប្រទះឃើញនៅមុខយានដ្ឋានឯក រិទ្ធី តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយរថយន្តបង្ក បានបើកបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់កាលពីថ្ងៃ ហើយបានបើកគេចខ្លួនបាត់ស្រមោល ទើបលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាស់ឲ្យនគរបាលទាំង១២ ខណ្ឌតាមស្រាវជ្រាវរករថយន្តខាងលើ និងចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

រហូតមកដល់វេលាកើតហេតុ ស្រាប់តែកម្លាំងនគបាលស្ទឹងមានជ័យទី៣ ល្បាតក្នុងមូលដ្ឋានទើបប្រទះឃើញរថយន្តខាងលើ យកចេញពីយានដ្ឋានឯក រិទ្ធី បំណងហៅរថយន្តមកស្ទូច ដោយមានការសង្ស័យ ឃើញរថយន្តនោះ យកក្រដាសកាសែតបិតស្លាកលេខ រួចក៏បកក្រដាសចេញ ទើបដឹងថា ជារថយន្តសមត្ថកិច្ច កំពុងតែស្វែងរក ក៏ឃាត់រថយន្តនោះតែម្ដង។

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឌុំ រីដា ភេទស្រីអាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៃសកលវិទ្យាល័យ Zaman មានស្រុកកំណើត នៅភូមិព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកបិច ពាក់ស្លាកលេខកណ្តាល1J 5254 ។ ចំណែករថយន្តបង្ក ម៉ាកRANGE Rover ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2AF 7777។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ មកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅស្នងការនគរបាលជាតិរាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕

មតិយោបល់