ព័ត៌មានជាតិ

ជំនួយការនាយកទីផ្សារក្រុមហ៊ុនលក់ឆ្នោតកោសម៉ូដែនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ ក្រោយឆបោកគេ..

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកយកម៉ូតូ របស់បុគ្គលិក ដែលបម្រើការ ក្នុងក្រុមហ៊ុនជាមួយគ្នាចំនួន ៣គ្រឿង និងឡេបថប របស់ក្រុមហ៊ុនយកទៅបញ្ចាំ យកលុយលេងល្បែង នៅក្នុងណេត កាលពីវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខណេតលែងហ្គែមយីហោ ហេបភីណេត តាមបណ្តោយផ្លូវ ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ អ៊ឹង គៀងស៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ តួនាទីជាជំនួយការនាយកទីផ្សារ ក្រុមហ៊ុនលក់ឆ្នោតកោសម៉ូដែន ស្នាក់នៅផ្ទះលេខ២១១ ផ្លូវលេខ១៣៨ ស្ថិតក្នុងសង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក។

តាមសម្តីពីបុរសម្នាក់ឈ្មោះ អ៊ុន ចាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឆ្នោតកោសម៉ូដែន និងជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកឌូក ពណ៌ខៀវ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1CK-0777 ដែលត្រូវជនសង្ស័យបានខ្ចីយកទៅ បា​នឲ្យដឹងថា ជនសង្ស័យគឺជាបុគ្គលិក ទើបតែចូលបម្រើការបានរយ:ពេលកន្លះខែប៉ុណ្ណោះ នៅក្នុងក្រុមហ៊ុនឆ្នោតកោសម៉ូដែន ដែលមានទីតាំងស្នាក់នៅអាគារលេខ១០៨០ ផ្លូវលំភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩កន្លងទៅ ពេលដែលបុគ្គលិក ទាំងអស់ក្នុងក្រុមហ៊ុនខាងលើ កំពុងបំពេញការងារ ខណ:នោះជនសង្ស័យ ប្រើល្បិចធ្វើជាខ្ចី ម៉ូតូមួយគ្រឿង ម៉ាក ភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-5888 ពីបុគ្គលិកម្នាក់ ដែលទើបតែចូលមប្រើការបានរយ:ពេល២ថ្ងៃថា ខ្ចីយកទៅខាងក្រៅមួយភ្លេត ហើយជន សង្ស័យក៏ជិះចេញទៅក្រៅបាត់ទៅ។ មួយស្ទុះក្រោយមក ជនសង្ស័យ ក៏បានត្រលប់មកវិញ ដោយមិនឲ្យបុគ្គលិក ដែលទើបតែចូលថ្មីខាងលើដឹងនោះទេ រួចបានចូលទៅលួចយកម៉ូតូ របស់ ក្រុមហ៊ុនមួយគ្រឿងទៀត ម៉ាកភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI-5678 ជិះ ចេញពីក្រុមហ៊ុនបាត់ ដោយមិនបានប្រាប់នរណាម្នាក់ ក្នុងក្រុមហ៊ុននោះទេ។

ក្រោយមកទៀត ជនសង្ស័យត្របល់មកក្រុមហ៊ុនម្ដងទៀត ដោយមិនមានម៉ូតូរបស់ក្រុមហ៊ុន ជា មួយនោះទេ ហើយជនសង្ស័យ បានប្រើល្បិចទៅខ្ចីម៉ូតូម៉ាកឌូករបស់បុគ្គលិកដូចគ្នាម្នាក់ទៀត ដោយថាខ្ចីជិះទៅជួបមិត្តភក្តិ នៅខាងក្រោមមួយភ្លេត។ ដោយជនរងគ្រោះគិតថា ជនសង្ស័យ មានតួនាទីជំនួយការនាយកទីផ្សារ នៅក្នុងក្រុមហ៊ុន ក៏មានការទុកចិត្ត ទើបព្រមឲ្យខ្ចី ជិះតែម្តង ទៅ ។ ប៉ុន្តែដោយបាត់យូរពេកមិនឃើញ ជនសង្ស័យយកម៉ូតូមកសងវិញ បុរសរងគ្រោះ បាន ដើររកក្នុងក្រុមតែមិនឃើញ មានការឆោឡោផ្អើលដល់បុគ្គលិកផ្សេងទៀត ដឹងថាជនសង្ស័យ ខាងលើប្រើល្បិច ឆបោកយកម៉ូតូពីបុគ្គលិកអស់ចំនួនបីគ្រឿង និងលួចយកឡេបថប របស់ក្រុមហ៊ុនមួយគ្រឿងទៀតជាបន្តបន្ទាប់ ក្នុងថ្ងៃតែមួយ ហើយគេចខ្លួនបាត់ស្រមោល ។
បន្ទាប់មកជនរងគ្រោះ និងតំណាងក្រុមហ៊ុនខាងលើ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកឃ្លាង ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវសង្ស័យ។

លុះដល់វេលាកើតហេតុ ក៏មានបងប្រុសរបស់បុរស ដែលជាម្ចាស់ម៉ូតូឌូក ធ្លាប់ស្គាល់មុខជនសង្ស័យ បានទូរស័ព្ទមកប្រាប់បុរសជាម្ចាស់ឌូកថា គាត់បានប្រទះឃើញ ជនសង្ស័យ នៅត្រង់ចំណុចកើតហេតុ បម្រុងចូលទៅក្នុងណេតយីហោ ហេបភីណេត។ ទើបបុរសរងគ្រោះជាម្ចាស់ម៉ូតូឌូកខាងលើ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ រួចក៏បាន ចាប់ក្របួចជនសង្ស័យប្រគល់ទៅសមត្ថកិច្ច ភ្លាមៗតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោក ខ្ចី ម៉ូតូពីបុគ្គលិក និងម៉ូតូរបស់ក្រុមហ៊ុនចំនួនបីគ្រឿង រួមទាំងឡេបថបមួយគ្រឿងទៀតប្រាកដ មែន ដោយយកម៉ូតូ និងឡេបថបទាំងនោះ ទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែង បានលុយចំនួន ២៤០០ដុល្លារ និងបានយកលុយទាំងនោះ ទៅលែងល្បែងតាមអ៊ីនធឺណិតអស់បាត់ទៅ ហើយ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួន យកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើ ចាត់ការទៅតាមនីតិវិធី៕

មតិយោបល់