បាត់ដំបងៈ បន្ទាប់ពីមានករណីផ្ទុះអាវុធ ដែលបង្កឡើងដោយលោកអនុសេនីយ៍ទោ ទែន ភាន ជាជំនួយការមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានប្រើប្រាស់ អាវុធខ្លីម៉ាក K54 លេខ31001971 បាញ់ចំនួន២គ្រាប់(មិនផ្ទុះមួយគ្រាប់) ទៅលើប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួស ខណៈដែលមន្ត្រីអាវុធហត្ថរូបនេះ បានខឹងនឹងជនរងគ្រោះដែលរោទិ៍ម៉ូតូជាច្រើនលើកនៅមុខផ្ទះរបស់ខ្លួន ជិតហាងស៊ុបយីហោ ពន្លឺ ត្បូង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ពេលនេះត្រូវបានបញ្ជូនខ្លួនទៅកាន់ តុលាការហើយ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលរងរបួស នៅក្នុងករណីផ្ទុះអាវុធខាងលើនេះ មានឈ្មោះ ព្រឿន រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាចុងភៅសណ្ឋាគារក្លាស់ស៊ី មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ រងរបួសត្រូវចំកំភួនជើងខាងឆ្វេង ចំនួន១គ្រាប់។ រីឯជនបង្កដែលជាមន្ត្រីកងរាជអាវុធហត្ថ ក្រោយធ្វើសកម្មភាពរួច ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ធ្វើការចាប់ខ្លួនបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លុះដល់ម៉ោង២រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងជំនាញបានបញ្ជូនខ្លួនជនដៃដល់ទៅកាន់សាលាដំបូងខេត្ត ផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់