ព័ត៌មានជាតិ

ពលរដ្ឋរិះគន់ថា អាជ្ញាធរខេត្តបើកភ្លើងខៀវឲ្យឈ្មួញដី ចាក់ដីពុះឡូត៍លក់ទាំងគ្មានច្បាប់

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងជាច្រើននាក់ បានធ្វើការរិះគន់អាជ្ញាធរខេត្តកំពង់ឆ្នាំងថា បានអនុញ្ញាតឲ្យឈ្មួញដីមួយចំនួន ជីកកកាយ និងចាក់បំពេញដីពុះឡូត៍លក់យ៉ាងអនាធិបតេយ្យក្បែរតំបន់អភិវឌ្ឍន៍ផ្សារថ្មីក្រុងកំពង់ឆ្នាំង ស្ថិតក្នុងតំបន់ដីលិចទឹកដែលគេហៅថាតំបន់២ ដោយមិនមានច្បាប់អនុញាតិត្រឹមត្រូវនោះឡើយ។ តែបើដីប្រជាពលរដ្ឋវិញ គ្រាន់តែវាស់អង្កន់ជាប្លង់នៅចំណុចនោះ មិនទាន់ទាំងជីក ឬចាក់ដីផងនោះ ក៏ត្រូវបានគេហាមឃាត់មិនឲ្យធ្វើទៅហើយ សូម្បីតែពលរដ្ឋបើកត្រាក់ទ័រតូចមួយចូលទៅតំបន់នោះ ក៏ត្រូវគេឃាត់មិនឲ្យចូលដែរ ដោយឡែកឈ្មួញទាំងនោះវិញ គឺបានប្រើប្រាស់គ្រឿងចក្រគ្រប់ប្រភេទជីកគាស់យកដីក្នុងតំបន់២តាមចិត្ត ដោយមិនមានការរំខានពីអាជ្ញាធរ ឬជំនាញពាក់ព័ន្ធឡើយ។

​ប្រជាពលរដ្ឋបានបន្តថា​ កាលពីឆ្នាំ២០១៥ គ្រាន់តែសម្រេច​ចេញគំរោងអភិវឌ្ឍន៍ផ្សារថ្មី នៅចំណុចដីលិចទឹកសង្កាត់ខ្សាម និងសង្កាត់ផ្សារឆ្នាំងភ្លាម គេឃើញមានឈ្មួញ២នាក់ដែលមានឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់(ជាអ្នកជាប់ពាក់ព័ន្ធរឿងរំលោភយកដីព្រៃរដ្ឋនៅភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស) និងឈ្មោះ សាយ សូ បានចុះទិញនៅក្បែរៗមុនដំណើរការសាងសង់ផ្សាររួចជាស្រេចទៅហើយ តែដីទាំងនោះមិនមានប្លង់ ឬឯកសារត្រឹមត្រូវនោះទេ។ បន្ទាប់ពីពួកគេបានទិញដីទាំងនោះរួចហើយ នៅពេលក្រុមហ៊ុនម៉ៅការអភិវឌ្ឍន៍ផ្សារចាប់ផ្តើមចាក់ដីសាងសង់តាមគំរោងអភិវឌ្ឍន៍ ឈ្មួញទាំង២នាក់នោះក៍បានចាប់ផ្តើមជីកដីក្បែរៗនោះមកចាក់លើដីខ្លួន និងបានពុះឡូតិលក់ដោយកុហកប្រាប់អ្នកចង់ទិញម្តុំនោះទុករកស៊ីថា ជាដីមានច្បាប់មានប្លង់ ត្រឹមត្រូវទៅវិញ។ ពលរដ្ឋឆ្ងល់ថា ប្រសិនបើមិនអនុញាតិឲ្យពលរដ្ឋ ហេតុអ្វីឈ្មួញទាំង២នាក់នោះអាចធ្វើអ្វីៗនៅចំណុចនោះបានស្រេចតែចិត្ត? ហេតុនេះ ពលរដ្ឋសំណូមពរគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង និងក្រសួងពាក់ព័ន្ធនឹងដីតំបន់២ មេត្តាពិនិត្យស្រាវជ្រាវផង។

ចំពោះលោក អៀរ គុយម៉ុង ឈ្មួញដីនៅតំបន់នោះ បានឲ្យ​ដឹងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦​នេះ​ថា​ ដីដែលលោកទិញ គឺមានច្បាប់ត្រឹមត្រូវ ដែលទទួលស្គាល់ពីភូមិ និងសង្កាត់ តែមិនបានដល់ក្រុងកំពង់ឆ្នាំងឡើយ។

នៅវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា​ ដីជាគំរោងអភិវឌ្ឍន៍សាងសង់ផ្សារថ្មីដែលបានគណៈកម្មការអភិវឌ្ឍន៍ខេត្ត បានសុំអនុប្រយោគទៅថ្នាក់លើ ក្នុងការអភិវឌ្ឍន៍តំបន់នោះមានទំហំប្រមាណជាង១០ហិកតា ក្នុងគំរោងនេះក៏មានដីមួយចំណែកទុកសំរាប់ផ្តល់ជូនពលរដ្ឋប្រមាណ២១០គ្រួសាររស់នៅតាមច្រាំងទន្លេ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍ច្រាំងទន្លេនេះសំរាប់ការសាសង់លំនៅដ្ឋានរបស់ពួកគាត់។ ក្រៅពីដីជាង១០ហិកតានោះ គឺក្រុងមិនបានអនុញាតិឲ្យអ្នកណាម្នាក់សង់រំលោភទៅលើដីលិចទឹកនោះទេ ព្រោះចំណុចនោះជាដីស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជាតំបន់ហាមឃាត់ការចាក់ ឬជីកដី ការសង់សំណង់រឹងម៉ាំ។ តែកន្លងមកឈ្មួញទាំងមួយចំនួនបានយកលេសថា គណៈកម្មការអភិវឌ្ឍន៍ខេត្តជាអ្នកអនុញាតិឲ្យគាត់ជីក ចាក់ដី និងពុះឡូតិលក់ ដោយពុំបានឆ្លងអាជ្ញាធរក្រុងឡើយ ហើយនៅពេលបង្កើតគណៈកម្មការចុះពិនិត្យទីតាំងចាក់ដី និងជីកដីខុសច្បាប់នោះ ក៍ពុំមានអាជ្ញាធរក្រុងចូលរួមទៀតផង។

ដោយឡែកលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ខេត្តបានបំភ្លឺឲ្យដឹងថា ដីរបស់ឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់ និងដីឈ្មោះ សាយ សូ ជាដីមានច្បាប់ត្រឹមត្រូវ៕

មតិយោបល់