ត្បូងឃ្មុំៈ មនុស្សចំនួន ០២នាក់ បានស្លាប់យ៉ាងអណោចអធម ដោយសារតែយកគ្រាប់ដែលទុកចោលលើដំបូកមកបោះលេងបណ្ដាលឲ្យផ្ទុះតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ និង៣០នាទីព្រឹក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងចំការរបស់ឈ្មោះ មឿន ហឿន។
នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់នោះ ក៏បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ ១៤ឆ្នាំ រងរបួសធ្ងន់ផងដែរ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១- ឈ្មោះ សំអាត សាត ភេទប្រុស អាយុ១៣ឆ្នាំ ជាតិខ្មែរ (ស្លាប់នៅនឹងកន្លែងកើតហេតុ), ទី២ -ឈ្មោះ សំអាត សីហា ភេទប្រុស អាយុ ០៦ឆ្នាំ ជាតិខ្មែរ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងទី៣- ឈ្មោះ ផាង ផាន់នី ភេទប្រុស អាយុ ១៤ឆ្នាំ ជាតិខ្មែរ (របួសធ្ងន់)។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុគឺជនរងគ្រោះទាំងបីនាក់នោះ បានយកគ្រាប់ដែលទុកចោលលើដំបូកមកបោះលេង ទើបបណ្ដាលឲ្យផ្ទុះស្លាប់តែម្តង៕
មតិយោបល់