ភ្នំពេញៈ អស់រយៈពេលប្រមាណជាង៥ម៉ោង សាកសពលោក កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងសង្គមនៅកម្ពុជា ត្រូវបានសាច់ញាតិដឹកបញ្ជូនចេញតាមរថយន្តឡិចស៊ីស របស់លោក អមដោយប្រជាពលរដ្ឋយ៉ាងច្រើន ឆ្ពោះទៅកាន់វត្តក្ដីចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចាប់ពីតាំងម៉ោងជិត៩ព្រឹក រហូតមកទល់ម៉ោងជិត៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមមើលយ៉ាងកកកុញ ដោយម្នាក់ៗមិនខ្វល់ខ្វាយពីអាហារហូបចុក ឬយាន្តជំនិះរបស់ខ្លួននោះទេ ខណៈម្នាក់ៗបានឈរស្រែកយំសម្ដែងក្ដីសោកសៅ និងសង្វេគបំផុត បន្ទាប់ពីអ្នកវិភាគរូបនេះ ត្រូវឃាតករបាញ់សម្លាប់នៅកណ្ដាលរាជធានីភ្នំពេញ។
និយាយដោយសង្ខេបពីព្រឹត្តិការណ៍រយៈពេលជាង៥ម៉ោងនេះ គេឃើញថា ស្ថានការណ៍ហាក់មានភាពតានតឹងបន្តិច ក្រោយមកក៏ធូរស្រាលទៅវិញ។ តានតឹង ក៏ព្រោះតែប្រជាពលរដ្ឋបានរារាំងមិនឲ្យសមត្ថកិច្ចដឹកសពលោក កែម ឡី តាមរថយន្តរបស់កាកបាទក្រហមកម្ពុជា ឬរថយន្តពេទ្យ ដោយពួកគាត់ទាមទារឲ្យដង្ហែសពដោយថ្មើជើង ដែលពេលនោះហើយធ្វើឲ្យបរិវេណស្ថានីយ៍ប្រេងកាល់តិច នៅមុខស្តារម៉ាត មានភាពចម្រូងចម្រាសបន្តិចរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ។ ក្រោយមកស្ថានការណ៍ ក៏បានធូរស្រាលឡើងវិញ បន្ទាប់មានការសម្របសម្រួលពីសាច់ញាតិនៃសព ដោយឯកភាពព្រមដឹកសពតាមរថយន្តឡិចស៊ី RX300 របស់លោក កែម ឡី ដោយផ្ទាល់តែម្ដង។
លុះនៅវេលាម៉ោងជាង២រសៀល ក្បួនដង្ហែសពលោក កែម ឡី ត្រូវបានគេមើលឃើញថា មានមនុស្សមនាកកកុញដង្ហែសពចេញពីកន្លែងកើតហេតុ ស្ថិតនៅក្នុងស្តារម៉ាត ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឆ្ពោះទៅកាន់វត្តក្ដីចាស់ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ដើម្បីយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី។
ជាមួយនឹងការដង្ហែក្បួនសព បាន និងកំពុងចាប់ផ្ដើម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯណោះវិញ សមត្ថកិច្ចក៏មានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនដៃដល់ ដែលជាឃាតករផងដែរ ដើម្បីលាតត្រដាងឲ្យសាធារណជនបានដឹងពីវាំងននខ្មៅ ដែលបានបិទបាំងអស់រយៈពេលជាង៥ម៉ោង ក្រោយពីជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចវត្តស្វាយពពែ ជិតស្ថានទូតរុស្ស៊ី។
បើតាមលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់អ្នកវិភាគរូបនេះ គឺស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ប៉ុន្តែជនសង្ស័យបានសារភាពថា ខ្លួនគេជាអ្នកបាញ់សម្លាប់លោក កែម ឡី ដោយផ្ទាល់ដៃ។
ជុំវិញករណីឃាតកម្មខាងលើនេះ អ្នកវិភាគនយោបាយម្នាក់ទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់ថា ការស្លាប់របស់លោក កែម ឡី គឺជាការបាត់បង់វិរៈកុលបុត្រខ្មែរមួយរូប ដែលហ៊ានវិភាគអំពីស្ថានការណ៍នយោបាយ និងសង្គមនៅកម្ពុជា។ លោកបណ្ឌិតបានបញ្ជាក់ថា ការបាញ់សម្លាប់នេះ វាមិនមែនជារឿងដែលជំពាក់លុយ ដូចប្រភពមួយចំនួនបានលើកឡើងនោះទេ។ យ៉ាងណាក៏ដោយ លោកបណ្ឌិតបានស្នើយ៉ាងទទូច សុំឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតឲ្យបានជាក់លាក់ ជាពិសេសស្នើសមត្ថកិច្ចបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ លើករណីឃាតកម្មលើរូបលោក កែម ឡី ដើម្បីឲ្យមានភាពត្រឹមត្រូវ ជៀសវាងការស៊ើបអង្កេតដូចករណីឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា ដែលរហូតមកទល់នឹងពេលនេះ មិនដឹងនរណាជាឃាតករឲ្យពិតប្រាកដ ដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្ត។
ក្នុងនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានសម្តែងក្តីខកចិត្ត និងខកបំណង ដែលក្នុងរាជធានីមានអសន្តិសុខ មានអំពើឃាតកម្មបាញ់សម្លាប់មនុស្សទាំងព្រឹក កណ្តាលក្រុងបែបនេះ។
សូមជម្រាបថា លោក កែម ឡី ត្រូវបានឃាតករឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបមុខរបរធ្វើជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃនោះ បានបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី មានអាយុ៤៦ឆ្នាំ មុខរបរប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកមានប្រពន្ធ និងកូន៤នាក់ ក្នុងបន្ទុក និងម្នាក់ ក្នុងពោះ៕
មតិយោបល់