ព័ត៌មានជាតិ

ក្រុមក្មេងទំនើងជាច្រើននាក់ ត្រូវសមត្ថកិច្ចខេត្តកណ្ដាលឃាត់ខ្លួន ករណីវាយប្លន់

កណ្ដាល: ក្រោមការចង្អុលបង្ហាញពីលោក អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ដ ដឹកនាំដោយលោក រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ឲ្យកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ដ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឃាត់ខ្លួនក្រុមក្មេងទំនើង៦នាក់ ក្នុងចំណោមបក្ខពួក១៥នាក់យក មកស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការតាមនីតិវិធីច្បាប់។

ក្រោយពីក្រុមក្មេងទាំងនេះ បានធ្វើសកម្មភាពជិះម៉ូតូដេញតាមម៉ូតូរបស់ យុវជន៣នាក់ ដែលធ្វើដំណើរឌុបគ្នាតាមដងផ្លូវ រួចធ្វើសកម្មភាពវាយ គប់ និងកាប់ ទៅលើក្រុមយុវជនរងគ្រោះ បណ្ដាលឲ្យយុវជនម្នាក់ បែកក្បាលធ្ងន់ធ្ងរ និង២នាក់ទៀតរបួសយ៉ាងដំណំ ក្នុងគោលបំណង ប្លន់យកម៉ូតូ ពីយុវជនរងគ្រោះ។

ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចមុខម៉ាតតូតាល់ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមក្មេងទំនើងដែលធ្វើ សកម្មភាពប្លន់យកម៉ូតូខាងលើ មានគ្នា១៥នាក់ ចាប់ខ្លួនបាន៦នាក់មានឈ្មោះ៖
១.រិន សារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិករថយន្ដក្រុង ក្រុមហ៊ុនកាពីតូល មានទីលំនៅ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល
២.អ៊ុន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រត់តុការ
៣. ហ៊ុយ លាងហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររត់តុការ
៤. ថាច ចាន់ថន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររត់តុការ ក្រុមជនសង្ស័យទី២ ,ទី៣ និងទី៤ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល
៥. ប៉ាត ជាតិ (ហៅ ប៊ិនយ៉ា) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឈើ
៦. សួន បញ្ញា (ហៅ ជ្រឹង) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទី៥និងទី៦ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំណែកជនរងគ្រោះមានគ្នា៣នាក់ ទី១.ឈ្មោះ សន សារុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងទង (មានរបួសបែកក្បាល) ទី២.ឈ្មោះ ឆឹម សារ៉ាត់ ហៅតា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងទង ( របួសពកក្បាល) និងទី៣.ឈ្មោះ វង្ស ណាដាំ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងទង (របួសក្បាល និងបែកចិញ្ចើមស្តាំ) ជនរងគ្រោះទាំង៣នាក់ មានទីលំនៅផ្ទះជួល ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីកម្លាំងនគរបាលជំនាញស្ដាប់ ចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ រិន សារី រួចភ្លាមនោះកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ មានការចង្អុលបង្ហាញពីលោក អ៊ាវ ចម្រើន ដឹកនាំដោយ លោក រឿន ណារ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យកម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនជនសង្ស័យបាន ៥នាក់បន្ថែមទៀត សរុប៦នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធខាងលើ យកមកស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្ដ ចាត់ការបន្ដតាមនីតិវិធីច្បាប់។

ប្រភពដដែលបន្តថា ខ្លួន រួមជាមួយបក្ខពួកពិតជាធ្វើសកម្មភាព វាយប្លន់ ជនរងគ្រោះប្រាកដមែន ព្រមទាំងធ្លាប់បានធ្វើសកម្មភាព វាយប្លន់ នៅក្រុងតាខ្មៅ ចំនួន២ដងមកហើយ ប្លន់ម៉ូតូបានចំនួន២គ្រឿង ម៉ាក Nex ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៨ ១គ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៦ ហើយបក្ខពួករបស់ខ្លួនបាន កាប់ជនរង គ្រោះផ្សេងទៀត នៅមុខក្លិបកម្សាន្ដ រ៉េន សង្កាត់ចាក់អង្រែក្រោម កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ចំនួនម្ដងដែរ៕

មតិយោបល់