ព័ត៌មានជាតិ

ដឹងច្បាស់រឿង ទារកដែលផ្លុងចោលនៅ ក្រុងសៀមរាប

សៀមរាបៈ អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមបំភ្លឺ ជូនបងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធ ករណីប្រទះឃើញសាកសពទារក ដែលទើបនឹងកើត ភេទប្រុស រុំក្នុងក្រមាពោះគោពណ៌ក្រហម កាលពីវេលាម៉ោង ៧និង២០ នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់ស្ទឹងសៀមរាប ទល់មុខ អនុវិទ្យាល័យព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ត្រូវបានបុគ្គលិកថែសួន ឈ្មោះ ពូន ពៃ ភេទប្រុសអាយុ២៨ឆ្នាំ ប្រទះឃើញពេលខ្លួនចុះប្រមូលសំរាម តាមមាត់ស្ទឹង ហើយរាយការណ៍ជូនសមត្ថកិច្ច។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបសហការណ៍ជាមួយ កម្លាំងនគរបាលការិយាល័យបច្ចេកទេសខេត្ត សៀមរាប បានចុះទៅដល់កន្លែងប្រទះឃើញសាកសពទារកខាងលើ និងបានធ្វើការពិនិត្យកោសល្យវិច្ច័យ ជាលទ្ធផលពុំមានស្លាកស្នាមលើដងខ្លួន ឡើយ។ បច្ចុប្បន្នសពទារក ខាងលើនេះ បន្ទាប់ពិនិត្យរួចហើយ ត្រូវបាននាំទៅបញ្ចុះទុកនៅបរិវេណវត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប ។

យោងតាមការ យកចិត្តទុកដាក់ពីលោក ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការដឹកនាំស្រាវជ្រាវពីលោក នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ជាលទ្ធផល នៃការស្រាវជ្រាវយើងបានរកឃើញមូលហេតុពិតដូចខាងក្រោម

សាកសពទារកនេះ ជាកូនរបស់ឈ្មោះ ជា ម៉េងឡុង ភេទប្រុស អាយុ២៥ឆ្នាំ ប្រពន្ធឈ្មោះ សេង សៀវម៉ី អាយុ១៨ឆ្នាំ រស់នៅភូមិសូភី ឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

មូលហេតុកាលពីថ្ងៃទី ២៥ ខែមីនា​ ឆ្នាំ២០១៩ ប្ដីប្រពន្ធទាំងពីរ ខាងលើនេះ បានធ្វើដំណើរមក ក្រុងសៀមរាប ដើម្បីចូលសម្រាលកូន នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាម៉ោង៣ព្រឹកទាបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ សេង សៀវម៉ី អាយុ១៨ឆ្នាំបានសម្រាលកូន បាន កូនប្រុសចំនួន០២នាក់ (ភ្លោះ) តែទារកទាំងពីរនាក់នេះ មានសុខភាពខ្សោយ ទោះបីមានការប្រឹងប្រែងយកទារក ទៅចិញ្ចឹមក្នុងកែវ ដើម្បីសង្គ្រោះ ពី ក្រុមគ្រូពេទ្យ ក៏មិនអាចសង្គ្រោះទារកម្នាក់ដែលជាកូនទីពីរបានដែរ ទារកនោះបានស្លាប់ទៅវិញ ។ក្រោយមកឈ្មោះ ជា ម៉េងឡុង បានសុំការអនុញាតពីក្រុមគ្រូពេទ្យ យកសពកូន ដោយអះអាងថាយកទៅបញ្ចុះនៅវត្ត លុះដល់វេលាម៉ោង១២និង០០នាទីឈានចូលដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឈ្មោះ ជា ម៉េងឡុង បែរជាយកកញ្ចប់ដែលមានសពកូន នៅខាងក្នុងនោះ ទៅទុកចោល នៅខាងមុខវត្តព្រះឥន្ទកោសា ចំណុចមាត់ទឹកស្ទឹងខាងកើត ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្ករអោយមានការភ្ញាក់ផ្អើលតែម្តង។

ចំណែកក្រុមគ្រូពេទ្យ នៅក្នុង មន្ទីរពេទ្យគន្ធបុប្ផា ក៏បានបញ្ជាក់ ប្រាប់កម្លាំងនគរបាលយើង ថាទារករបស់ប្តីប្រពន្ធ ពីរនាក់ខាងលើនេះ ពិតជាបានស្លាប់ ដោយសារ កើតមិនគ្រប់ខែនិងសុខភាពខ្សោយ ពិតមែន ។

អាស្រ័យហេតុនេះសូម ជម្រាបជូនបងប្អូនប្រជា ពលរដ្ឋ ដែលប្រទះឃើញសពទារកនេះ កាលពីព្រឹកថ្ងៃទី២៨នេះ មេត្តាជ្រាបថា ករណីនេះមិនជាករណីឃាតកម្មនោះឡើយ និងសូមជ្រាបជាពត៍មាន ៕

 

មតិយោបល់