ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូកង់បីឥណ្ឌាបានសម្រេច បណ្តាលឲ្យដួលម៉ូតូ និងក្រឡាប់ម៉ូតូកង់បីឥណ្ឌា ហើយពេលនោះ ក្រុមជនសង្ស័យ ក៏បាននាំគ្នាងើបរត់ចោលម៉ូតូ កាលពីវេលាម៉ោង១២ កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្តុបពេទផន តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ជនសង្ស័យឈ្មោះ និត អាយុ ២០ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកឯបក្ខពួកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។
តាមសម្តីពីបុរសជាអ្នកបើកម៉ូតូកង់បីឥណ្ឌា បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកបរម៉ូតូកង់បីមួយគ្រឿង ម៉ាកបាចា ពណ៌ស គ្មានស្លាកលេខ ដោយបុរសជនរងគ្រោះជាភ្ញៀវ រួមដំណើរខាងក្រោយ ធ្វើដំណើរពីលិចទៅកើតចេញមកពីផ្សារដីហុយ បំណងទៅមិត្តភក្តិរបស់ជនរងគ្រោះ នៅឯស្តុបពេទផន។ មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខ ក្រុមជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D-4847 តាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone7plas ពីដៃជនរងគ្រោះ ដែលកំពុងកាន់ តែជនរងគ្រោះក៏ទាញទូរស័ព្ទយកមកវិញ ទើបធ្វើឲ្យម៉ូតូជនសង្ស័យ ដួលចូលក្រោមម៉ូតូកង់បី បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើង រងការខូចខាតបន្តិចបន្តួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ភ្លាមៗនោះ ជនសង្ស័យទាំងពីរនាក់ ក៏បានរើសយកទូរស័ព្ទដៃ របស់ជនរងគ្រោះ ដែលជ្រុះរួចនាំគ្នារត់គេចខ្លួន ចោលម៉ូតូបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ រួចទាក់ទងកម្លាំង ជិះតាមរកជនសង្ស័យពីរនាក់ភ្លាមៗតែម្តង ដោយឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីជនសង្ស័យខាងលើ បានផ្លោះរបងរត់គេចចូលទៅសំងំលាក់ខ្លួននៅក្នុងក្លឹបហាត់ប្រាណមួយកន្លែងយីហោ NOLIMITSFITNESS តាមបណ្ដោយផ្លូវលេខ២៥៣ កែងនិងផ្លូវលេខ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ក្រោយកើតហេតុ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើចាត់ការ ទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕
មតិយោបល់