ព័ត៌មានជាតិ

រថយន្តទំនើប BMW ស្លាកលេខ ភ្នំពេញ 2AY-5801 ត្រូវម៉ូតូបើកលឿនបុក រងរបួសធ្ងន់២នាក់

ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូមួយគ្រឿង បោះពួយយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តទំនើប មួយគ្រឿងបើកដោយជនជាតិជាតិកូរ៉េពីរនាក់ពេញទំហឹង បណ្ដាលឲ្យបោកនិងថ្នល់រងរបួសធ្ងន់ពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១១៨ កែងនិងផ្លូវ២៣៣ ក្នុងសង្កាត់ដេប៉េ៣ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរស ២នាក់ ជិះម៉ូតូឃ្លីច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GK-8910 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២៣៣ ក្នុងល្បឿនលឿន មិនប្រយ័ត្នទៅបុករថយន្តទំនើបម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-5801 បើកដោយជនជាតិកូរ៉េ ក្នុងទិសដៅពីកើតទៅលិចពេញទំហឹង ចំទ្វារខាងឆ្វេង បណ្ដាលរងរបួសធ្ងន់អ្នកជិះម៉ូតូទាំងពីរនាក់ ត្រូវរថយន្តសាម៉ុយដឹកយកទៅព្យាបាល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែងយករថយន្ត និងម៉ូតូទៅធិការដ្ឋានខណ្ឌទួលគោក រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់